Donald Trump ប្រាប់ចិនថា អាចបន្តទិញប្រេងពីអ៊ីរ៉ង់ តែក៏គួរទិញពីអាមេរិកផង!


Trump បានសរសេរនៅលើបណ្តាញសង្គម Truth Social ថា៖ «ចិនអាចបន្តទិញប្រេងពីអ៊ីរ៉ង់បាន ហើយសង្ឃឹមថា ពួកគេក៏នឹងទិញពីសហរដ្ឋអាមេរិកផងដែរ» ប៉ុន្មានថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកបានវាយប្រហារទីតាំងនុយក្លេអ៊ែរបីកន្លែងនៅអ៊ីរ៉ង់។ មន្ត្រីសេតវិមានម្នាក់បានបញ្ជាក់ថា Trump គ្រាន់តែលើកឡើងពីស្ថានភាពដែលអ៊ីរ៉ង់មិនទាន់បិទច្រកសមុទ្រ Hormuz ដែលសំខាន់សម្រាប់ចិន ព្រោះចិនគឺជាប្រទេសនាំចូលប្រេងអ៊ីរ៉ង់ធំជាងគេ។

Trump បានស្នើឱ្យចិន និងប្រទេសដទៃទៀតទិញប្រេងពីសហរដ្ឋអាមេរិក ជាជាងទិញពីអ៊ីរ៉ង់ ដែលរំលោភទណ្ឌកម្មសហរដ្ឋអាមេរិក។ បន្ទាប់ពីព័ត៌មាននៃបទឈប់បាញ់ត្រូវបានប្រកាស ពាក្យសម្តីរបស់ Trump បានធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះជិត ៦% ព្រោះគេគិតថាអាមេរិកអាចបន្ធូរបន្ថយទណ្ឌកម្មលើអ៊ីរ៉ង់។

ប្រសិនបើទណ្ឌកម្មធូរស្រាលមែន នោះវានឹងជាការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់ ព្រោះកាលពីខែកុម្ភៈ Trump បានប្រកាសដាក់សម្ពាធអតិបរមាលើអ៊ីរ៉ង់ ដើម្បីបញ្ឈប់ការនាំចេញប្រេង និងកម្មវិធីនុយក្លេអ៊ែរ។ អតីតមន្ត្រី CIA លោក Scott Modell បាននិយាយថា ការអនុញ្ញាតឱ្យចិនបន្តទិញប្រេងពីអ៊ីរ៉ង់បង្ហាញពីការបន្ធូរបន្ថយស្តង់ដារអនុវត្តទណ្ឌកម្ម។

ប្រភព៖ The Guardian