គន្លឹះយក GPA 4.0 នៅមហាវិទ្យាល័យពីអតីតនិស្សិតអក្សរសាស្រ្តខ្មែរ
ដោយ៖ សន ស្រីពេជ្រ
ភ្នំពេញ ៖ យើងបានដឹងមកហើយថា ក្នុងការសិក្សាថ្នាក់កម្រិតឧត្តមសិក្សាគឺគេពុំគិតចំណាត់ថ្នាក់ដូចនៅកម្រិតវិទ្យាល័យឡើយ ព្រោះគេគិតទៅលើ GPA ឬព្រឹត្តិបត្រពិន្ទុជាសំខាន់។ តើ GPA ជាអ្វី? ហេតុអ្វីនិស្សិតគួរមានវា?
GPA (Grade Point Average) ឬព្រឹត្តបត្រពិន្ទុ គឺជាពិន្ទុវាយតម្លៃការសិក្សារបស់និស្សិតចាប់ពីឆ្នាំមូលដ្ឋានរហូតដល់ឆ្នាំទី៤។ GPA មានសារៈសំខាន់ណាស់ វាអាចធ្វើការវាយតម្លៃលើសមត្ថភាពនិស្សិត ប្រសិនបើនិស្សិតទទួលបាន GPAខ្ពស់ វាអាចលើកកិត្តិយសរបស់និស្សិតបាន។ លើសពីនេះទៅទៅទៀត GPA សំខាន់ពេលដាក់ពាក្យធ្វើការ ក៏ដូចជាដាក់អាហារូបករណ៍ទាំងក្នុងស្រុកនិងក្រៅស្រុក ។ តួយ៉ាងដូចជាអាហារូបករណ៍ខ្លះទាមទារឱ្យមានពិន្ទុ GPA ចាប់ពី ៣.៥ឡើងទៅ ទើបអាចដាក់ពាក្យបាន។
តោះប្រសិនបើលោកអ្នកចង់ជ្រាបច្បាស់ពីគន្លឹះក្នុងការយក GPA ខ្ពស់សូមស្ដាប់ការចែករំលែករបស់អតីតនិស្សិតអក្សរសាស្រ្តខ្មែរពីររូបដែលទើបតែបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅឆ្នាំ២០២០ ថ្មីៗនេះដូចខាងក្រោម៖
#១ អតីតនិស្សិតឈ្មោះ សួន កុសល្យ ជានិស្សិតបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្តខ្មែរ ជំនាន់ទី២០ (បង់ថ្លៃ) នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ២០១៩-២០២០ បច្ចុប្បន្ននេះលោកជាប្រធានសមាគមកំណាព្យកូនខ្មែរផងដែរ។ លោកបានមានប្រសាសន៍ថា៖ «ការសិក្សានៅថ្នាក់មហាវិទ្យាល័យ គឺពិតជាមិនស្រួលដូចនៅថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យនោះទេ គឺតម្រូវឱ្យសិស្ស-និស្សិតមានការតស៊ូព្យាយាមខ្ពស់ចំពោះកិច្ចការងារសិក្សាមានការស្រាវជ្រាវជាដើម ទើបអាចសម្រេចនូវក្ដីសុបិនបាន។ ហើយអ្វីដែលពិសេសនោះគឺពិន្ទុតែម្ដង។
ការសិក្សាដើម្បីទទួលបានពិន្ទុខ្ពស់ (GPA ៤.០) គឺអាស្រ័យលើស្ទីល (Style) នៃការសិក្សារបស់និស្សិតម្នាក់ៗជាអ្នកបង្កើតឡើង។ រីឯខ្ញុំក៏មានគន្លឹះខ្លះៗផងដែរដែលខ្ញុំតែងតែអនុវត្តវាក្នុងអំឡុងពេលសិក្សា គន្លឹះនោះគឺ៖
ក. មករៀនឱ្យបានទៀងទាត់
ការដែលមករៀនទៀងទាត់ វាធ្វើឱ្យយើងចាប់បានមេរៀនរបស់លោកគ្រូ អ្នកគ្រូ គ្រប់ជ្រុងជ្រោយ និងចងចាំបានច្រើននូវប្រសាសន៍ដែលពួកគាត់បានពន្យល់ តែបើយើងមករៀនបាត់ឃើញៗនោះ យើងមិនអាចតាមទាន់ន័យសេចក្ដីនៃមេរៀនបានឡើយហើយពិបាកនឹងរត់តាមមេរៀនថ្មីណាស់ ព្រោះមេរៀនចាស់យើងពុំបានដឹង។ ការមករៀនទៀងទាត់ប្រៀបបានទៅនឹងការមើលរឿងភាគអ៊ីចឹង បើយើងដាច់ភាគណាមួយហើយ ភាគបន្ទាប់យើងនឹងពិបាកយល់។
ខ. ស្ដាប់ការពន្យល់របស់គ្រូ
ការស្ដាប់ គឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់យើងជានិស្សិតស្ថិតក្នុងការសិក្សានៃថ្នាក់មហាវិទ្យាល័យ ប្រសិនបើយើងខ្វះការស្ដាប់ ព័ត៌មានទាំងឡាយដែលផ្សាយចេញពីលោកគ្រូ អ្នកគ្រូ ទាក់ទងនឹងមេរៀនប្រាកដជារត់ចេញឆ្ងាយពីយើង។ បើយើងស្ដាប់បានច្រើន យើងនឹងទទួលបាននូវចំណេះដឹងថ្មីៗ ដើម្បីបានជាទុនសម្រាប់ការប្រឡង ព្រោះភាគច្រើនមេរៀនប្រឡងដែលលោកគ្រូ អ្នកគ្រូ ចោទចេញជាវិញ្ញាសាគឺកើតចេញពីការពន្យល់របស់ពួកគាត់។
គ. អានសៀវភៅគោល
ការអានសៀវភៅ គឺពិតជាមានសារប្រយោជន៍ខ្លាំងណាស់ ដូច្នេះប្រសិនបើយើងអានសៀវភៅច្រើន យើងនឹងទទួលបានព័ត៌មាន ក៏ដូចជាចំណេះដឹងបានច្រើនពីសៀវភៅ ប៉ុន្តែទន្ទឹមនឹងពេលកំពុងរៀនលើជំនាញដែលយើងស្រឡាញ់ យើងមិនត្រូវផ្ដោតសំខាន់ទៅលើសៀវភៅដែលមិនពាក់ព័ន្ធនឹងមេរៀនច្រើនពេកទេ វាអាចធ្វើឱ្យយើងខាតបង់ពេលវេលា។ ជាការចាំបាច់យើងត្រូវតែផ្ដោតសំខាន់លើការអានសៀវភៅទាក់ទងនឹងមេរៀនដែលយើងកំពុងរៀនឱ្យបានច្រើន ព្រោះវាអាចជួយឱ្យយើងខ្លាំងលើជំនាញបន្ថែមពីការរៀនជាមួយគ្រូ។
ឃ. ស្រាវជ្រាវឯកសារទាក់ទងនឹងជំនាញ
បន្ទាប់ពីការអានហើយ យើងត្រូវតែស្ទាត់លើជំនាញមួយទៀត គឺការស្រាវជ្រាវ។ ការស្រាវជ្រាវ វាពិតជាមានគុណសម្បត្តិដ៏ធំធេងក្នុងការជួយសម្រាលភាពលំបាករបស់យើង កាលណាដែលយើងស្រាវជ្រាវបានច្រើន យើងនឹងអាចក្ដោបក្ដាប់បាននូវព័ត៌មានដ៏ច្រើន ហើយការស្រាវជ្រាវនោះត្រូវតែផ្តោតទៅលើជំនាញរបស់យើងឱ្យបានច្រើន។ ម្យ៉ាងទៀតវាអាចធ្វើឱ្យយើងមានភាពងាយស្រួលក្នុងការធ្វើកិច្ចការស្រាវជ្រាវ (Assignment) របស់លោកគ្រូ អ្នកគ្រូ ដែលពួកគាត់បានដាក់មកឱ្យ ព្រោះតែយើងមានទិន្នន័យគ្រប់គ្រាន់ទាក់ទងនឹងមេរៀនរបស់យើង។
ង. គ្រប់គ្រងអារម្មណ៍ពេលកំពុងរៀន
ការគ្រប់គ្រង់អារម្មណ៍នេះ គឺជាការសំខាន់ណាស់ ប្រសិនបើយើងមិនអាចឃុំគ្រងវាបានទេ វានឹងបញ្ជាយើងឱ្យធ្លាក់ទៅក្នុងអន្លងដំណេកជាមិនខាន។ ខ្ញុំជឿជាក់ថា មាននិស្សិតច្រើនណាស់ដែលកំពុងតែរៀនស្រាប់តែមានអារម្មណ៍ថាងងុយគេង ស្ដាប់គ្រូបណ្ដើរងោកបណ្ដើរ សំឡេងគ្រូពន្យល់ប្រៀបនឹងចម្រៀងបំពេរអារម្មណ៍ទៅវិញ ស្ដាប់គ្រូក៏មិនចូល ចាប់មេរៀនក៏មិនបាន។ ដូច្នេះដើម្បីកុំឱ្យមានទម្លាប់បែបនេះ ពេលងងុយយើងអាចសុំគ្រូទៅលុបមុខ ឬក៏សុំគ្រូចេញក្រៅបន្តិចដើម្បីបន្ធូរភាពតានតឹង និងអាចធូរអាចចាប់បានមេរៀនបន្ត (នេះជាវិធីដែលខ្ញុំប្រើក្នុងអំឡុងពេលរៀន)។»
#២ ប្រសិនបើយើងក្រឡេកទៅស្ដាប់ពីអតីតនិស្សិតឈ្មោះ សឿន ពិសិដ្ឋ វិញម្ដងថា តើលោកមានគន្លឹះអ្វីខ្លះទើបទទួលបានពិន្ទុខ្ពស់ក្នុងការសិក្សា។ លោកជានិស្សិតបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្តខ្មែរ ជំនាន់ទី២០ (បង់ថ្លៃ) នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ២០១៩-២០២០។
លើសពីនេះទៅទៀត លោកក៏ជាគ្រូបង្ហាត់បង្រៀនផ្នែកព្រះពុទ្ធសាសនា ផ្នែកព្រះវិន័យ និងផ្នែកភាសាខ្មែរ នៅក្នុងសាលាពុទ្ធិកអនុវិទ្យាល័យ ពោធិសាល វត្តបទុមវារី (ឃ្មួញ)ផងដែរ ។ លោកបានធ្វើការរៀបរាប់ថា៖
«ជាទូទៅសិស្ស និស្សិត បញ្ញវន្ត គរុនិស្សិត ដែលស្រឡាញ់ការសិក្សារៀនសូត្រតែងប្រាថ្នាចង់បាននូវចំណេះដឹងផង ហើយអ្វីដែលមិនអាចខ្វះបាននោះគឺពិន្ទុនេះឯង។ មិនថានរណាម្នាក់ឡើយ រួមទាំងខ្ញុំម្នាក់ផងដែរ ដែលខិតខំរកវិធីសាស្ត្រយ៉ាងណាដើម្បីបានពិន្ទុច្រើនជាងគេ។ ចំពោះអត្ថបទទាំងឡាយដែលយើងបានសរសេរ ឬបានធ្វើនោះត្រូវទាមទារឈរលើគោលការណ៍ដូចខាងក្រោម៖
ក. ត្រូវយល់ពីប្រធានបទ ៖ បានន័យថា ខ្លួនយើងផ្ទាល់ត្រូវតែយល់លើប្រធានបទរបស់ឱ្យបានច្បាស់លាស់ តើប្រធានចង់បានអ្វី? គោលបំណងរបស់ប្រធានចង់ដឹងពីអ្វី? ជាប្រធានបែបណា? បើជាសំណួរ ត្រូវយល់ពីសំណួរនោះឱ្យបានច្បាស់លាស់ផងដែរ ចៀសវាងការឆ្លើយសំណួរប្រាសចាកខ្លឹមសារ។ ការដែលយើងបានយល់ពីគោលបំណងរបស់ប្រធានបទ និងសំណួរបានល្អិតល្អន់ហើយនោះ វាជាកត្តាមួយដែលអាចឱ្យដំណើរការបកស្រាយប្រធានបទ ឬសំណួររបស់យើងបានត្រឹមត្រូវ មិនសូវមានកំហុសឆ្គង។
ខ. ការជ្រើសរើស ៖ ប្រសិនបើលោកគ្រូគាត់មិនបានកំណត់ចំពោះការសរសេរទេ គឺគាត់ឱ្យយើងសរសេរដៃក៏បាន ឬកុំព្យូទ័រក៏បាន។ ចំពោះខ្ញុំៗជ្រើសរើសយកការសរសេរដៃ ព្រោះការសរសេរដៃវាមានប្រយោជន៍សម្រាប់ខ្ញុំ គឺអាចហ្វឹកហាត់ការសរសេរឱ្យបានស្ទាត់ សរសេរបានស្អាត ដោយសារការយកចិត្តទុកដាក់ និងមានភាពផ្ចិតផ្ចង់ទៅលើអក្សរ រួមទាំងអក្ខរាវិរុទ្ធផងដែរ។ ចំពោះអ្នកទាំងអស់គ្នា អាចជ្រើសរើសយកមួយណាក៏បានស្រេចលើសមត្ថភាពរបស់យើង។
គ. រចនាបទ (រចនាប័ទ្ម)៖ ចំពោះរចនាបទនេះមានសារ:សំខាន់ខ្លាំងណាស់សម្រាប់កិច្ចការយើងគ្រប់គ្នា។ ការដែលខ្ញុំបានទទួលពិន្ទុច្រើននោះ ដោយសារតែកិច្ចការរបស់ខ្ញុំធ្វើបានស្អាត មិនមានការលុបក្រវេមក្រវាម ឬឆូត។ រចនាបទនេះ សំដៅលើការសរសេរឃ្លាឃ្លោង កន្លែងណាគួរដកឃ្លា ចំណុចណាមិនគួរដកឃ្លា ត្រង់ណាត្រូវប្រើសញ្ញាខណ្ឌ ម្តុំណាត្រូវចុះបន្ទាត់ ឬមិនត្រូវចុះបន្ទាត់ តើគួរចុះបន្ទាត់ប៉ុន្មានដង….. ជាដើម។ ជាពិសេសនោះ គឺអក្ខរាវិរុទ្ធនេះឯង ដែលត្រូវឱ្យយើងតោងយកចិត្តទុកដាក់ឱ្យបានមែនទែន ជៀសវាងការសរសេរខុសច្រើនពេក ទោះបីបើកិច្ចការរបស់យើងធ្វើបានល្អយ៉ាងក៏ដោយ ប្រសិនបើអក្ខរាវិរុទ្ធខុសច្រើនហើយ ពិន្ទុរបស់យើងក៏មិនអាចបានច្រើនដែរ គឺគ្រូអាចដកពិន្ទុយើងតាមហ្នឹងហើយ។
ឃ.ការបកស្រាយខ្លឹមសារប្រធាន ៖ ចំពោះការបកស្រាយខ្លឹមសារប្រធាននេះ គឺទាមទារឱ្យយើងបកស្រាយជុំវិញប្រធានបទដែលលោកគ្រូបានចោទសួរ គឺតម្រូវឱ្យយើងបកស្រាយ បង្ហាញខ្លឹមសារឱ្យបានលម្អិតតាមចំណុចនីមួយៗដែលយើងបានលើកឡើងមកធ្វើការពន្យល់។ អ្វីដែលសំខាន់នោះ ត្រូវភ្ជាប់មកជាមួយនឹងឯកសារយោង និងការលើកជាឧទាហរណ៍ឱ្យត្រូវនឹងចំណុចដែលយើងបានបកស្រាយ។
ង. ត្រួតពិនិត្យកិច្ចការ ៖ សូមបើកវង់ក្រចកបន្តិច នេះខ្ញុំនិយាយពីកិច្ចការមានលក្ខណ:ឯកជនជាសំណេរ គឺមុននឹងធ្វើវា យើងត្រូវធ្វើគ្រោងឆ្អឹងសិន មិនមែនសរសេរយកតែម្តងនោះទេ(ត្រូវគិតមុននឹងគូ) សូមបិទវង់ក្រចកវិញ។ ប្រសិនបើកិច្ចការដែលយើងបានគ្រោងហើយ យើងត្រូវត្រួតពិនិត្យឡើងវិញថា ត្រូវកាត់ត្រង់ណាចោល ទុកត្រង់ណា ត្រូវបន្ថែមត្រង់ចំណុចណា តើមានចំណុចខ្វះខាតដែរឬទេ? តើអក្ខរាវិរុទ្ធត្រឹមត្រូវដែរឬទេ? យើងត្រូវធ្វើការត្រួតពិនិត្យម្តងហើយម្តងទៀត សាចុះសាឡើង ពិនិត្យមើលឱ្យបានល្អិតល្អន់ និងយកចិត្តទុកដាក់ជាទីបំផុត មិនមែនធ្វើឱ្យរួចតែពីដៃទេ។ មានពាក្យគេលើកឡើងថា «មើលតែកិច្ចការ អាចដឹងពីអត្តចរិតរបស់មនុស្សបាន» លោកគ្រូមើលកិច្ចការរបស់យើង គាត់អាចវាយតម្លៃយើងបាន ថាយើងជាមនុស្សរបៀបណា? ត្រង់នេះមិនបាច់ខ្ញុំប្រាប់ប្រិយមិត្តអ្នកអាននោះទេ។ នេះគ្រាន់តែជាបទពិសោធន៍របស់ខ្ញុំ ដែលខ្ញុំបានឆ្លងកាត់មកតែប៉ុណ្ណោះ ហើយអ្វីដែលខ្ញុំបានអនុវត្តគឺបានលទ្ធផលល្អបែបនេះមែន»។
ដូចដែលបានរៀបរាប់ខាងលើនេះជាគន្លឹះក្នុងការយក GPA ខ្ពស់ សង្ឃឹមថាការចែករំលែករបស់និស្សិតយើងទាំងពីររូបនេះមានសារៈប្រយោជន៍ដល់និស្សិតគ្រប់រូប។ ជាពិសេសគឺនិស្សិតផ្នែកអក្សរសាស្រ្តខ្មែរ ដើម្បីយកជាគោលគំនិតយកទៅអនុវត្តន៍ដើម្បីទទួលបានលទ្ធផលដូចនិស្សិតយើងខាងលើនេះដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ការទទួលបានលទ្ធផលល្អនេះ វាអាស្រ័យលើនិស្សិតខ្លួនឯងផ្ទាល់បូករួមជាមួយនឹងគន្លឹះនេះដែរ។ ប្រសិនបើមិនបានដល់ GPA 4.0 យ៉ាងហោចក៏ត្រឹម 3.5 ដែរ៕