ដំណឹងល្អសម្រាប់បងប្អូនពលករ ពលការនី! ខេត្តតាកែវត្រូវការកម្មករ ១៤,០០០ នាក់ ក្នុងវិស័យវាយនភ័ណ្ឌរោងចក្រ សហគ្រាស
អភិបាលខេត្តតាកែវ ឯកឧត្ដម វ៉ី សំណាង បានបង្ហោះសារនៅលេីទំព័រហ្វេសបុកផ្លូវការរបស់លោក នៅថ្ងៃសុក្រ ទី១៣ មិថុនានេះថា ខេត្តតាកែវកំពុងមានតម្រូវការបន្ទាន់នូវកម្លាំងពលកម្មប្រមាណ ១៤,០០០ នាក់ ដើម្បីបំពេញតម្រូវការរោងចក្រ សហគ្រាសក្នុងស្រុក។
នេះគឺជាដំណឹងដ៏ល្អសម្រាប់បងប្អូនពលករ-ពលការិនី ក៏ដូចជាកូនក្មួយដែលកំពុងស្វែងរកការងារធ្វើ។ បើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ី សំណាង ក្នុងឆមាសទី១ ឆ្នាំ២០២៥ នេះ ខេត្តតាកែវនឹងមានរោងចក្រ សហគ្រាសថ្មីចំនួន ២៣ កន្លែង ដែលបានបោះទុនវិនិយោគប្រមាណ ៧៥ លានដុល្លារអាមេរិក ហើយអាចផ្ដល់ឱកាសការងារសរុបដល់ទៅ ១៥,០០០ កន្លែង។
នេះសបញ្ជាក់ឱ្យឃើញពីសក្ដានុពលរីកចម្រើននៃវិស័យឧស្សាហកម្មនៅខេត្តតាកែវ និងតម្រូវការកើនឡើងឥតឈប់ឈរចំពោះកម្លាំងពលកម្ម។


ឯកឧត្ដម បន្តថា សម្រាប់បងប្អូន កូនក្មួយដែលមានចំណាប់អារម្មណ៍ចង់បម្រើការងារនៅខេត្តតាកែវ សូមកុំបង្អង់យូរ! លោកអ្នកអាចទំនាក់ទំនងទៅកាន់មន្ទីរការងារខេត្តតាកែវផ្ទាល់ ឬតាមរយៈលេខទូរស័ព្ទដូចខាងក្រោម ដើម្បីទទួលបានព័ត៌មានលម្អិត និងជំនួយក្នុងការស្វែងរកការងារ៖
- ០១៧ ២៩៨ ៨៨៣
- ០៩៦ ២២២ ២១៧៥
- ០១២ ៩៧៨ ២៦៣
- ០១០ ៩៨៩ ៨៥៨
ក្រុមការងារត្រៀមខ្លួនជាស្រេចដើម្បីផ្ដល់ព័ត៌មាន និងជួយសម្រួលដល់បងប្អូនក្នុងការទទួលបានឱកាសការងារដ៏ល្អទាំងនេះ។