ឯកឧត្តមបណ្ឌិត សោម រតនា៖ “ការសិក្សានៅក្នុងបណ្តាប្រទេសអឺរ៉ុប មិនមែនគ្រាន់តែជាការទៅសិក្សាប៉ុណ្ណោះទេ ប៉ុន្តែដំបូងបំផុតនោះ គឺជាការរៀនស្គាល់ពីខ្លួនឯង សិក្សាពីបញ្ហាប្រឈមក្នុងជីវិត ក៏ដូចជាវប្បធម៌ អរិយធម៌នៃប្រទេសដទៃ”
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាជនបង្គោលថ្នាក់ជាតិសម្រាប់កម្មវិធីអាហារូបករណ៍សហគមអឺរ៉ុប (Erasmus+) បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយព័ត៌មានស្តីពីកម្មវិធី Erasmus+ Information Session for “Cambodia” នៅវិទ្យាស្ថានខេមអេដភ្នំពេញ។ ក្នុងវេទិកាផ្សព្វផ្សាយនៃរសៀលនេះ មានវត្តមានអញ្ជើញចូលរួមពីសំណាក់ លោក Andreas BERG តំណាងសហភាពអ៊ឺរ៉ុបប្រចាំប្រទេសកម្ពុជា ជាអនុប្រធានគណៈប្រតិភូ និងជាប្រធានផ្នែកនយោបាយ ថ្នាក់ដឹកនាំ និងនិស្សិតវិទ្យាស្ថានខេមអេដភ្នំពេញ។
ជាកិច្ចចាប់នៃកម្មវិធី លោក Andreas BERG បានថ្លែងមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តមបណ្ឌិត សោម រតនា ក្នុងវេទិកាដ៏មានន័យនេះ។ លោកបានលើកឡើងពីអត្ថន័យ គោលដៅ និងតួនាទីដ៏សំខាន់ផ្សេងៗរបស់សហគមអឺរ៉ុប ( European Union) តាមរយៈគំនិតផ្តួចផ្តើមនានាដូចជាកម្មវិធី Erasmus Plus ដែលផ្តល់អាហាររូបករណ៍ដល់និស្សិតឱ្យបន្តការសិក្សានៅសហភាពអឺរ៉ុបផង។ ទន្ទឹមនឹងនេះ លោកបានបង្ហាញពីភាពចម្រុះនៃវប្បធម៌អាសុី និងអឺរ៉ុប តាមរយៈការចាក់បង្ហាញខ្សែភាពយន្ត(Film screening)។
នាឱកាសនេះ ឯកឧត្តមបណ្ឌិត សោម រតនា បានថ្លែងបើកកម្មវិធី ព្រមទាំងលើកឡើងពីតួនាទីដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជម្រុញនូវគុណភាពលើការសិក្សាចំពោះយុវជនជំនាន់ក្រោយឱ្យកាន់តែមានភាពប្រសើរឡើង និងអត្ថប្រយោជន៍ដ៏សំខាន់របស់សហគមអឺរ៉ុបក្នុងការជួយលើកកម្ពស់វិស័យអប់រំក្នុងប្រទេសកម្ពុជា ក៏ដូចជាការសិក្សានៅក្រៅប្រទេស ជាពិសេសនៅតំបន់អឺរ៉ុប។
ថ្លែងប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត សោម រតនា បានណែនាំនិស្សិតទាំងអស់ថា “ការសិក្សានៅក្នុងបណ្តាប្រទេសអឺរ៉ុប មិនមែនគ្រាន់តែជាការទៅសិក្សាប៉ុណ្ណោះទេ ប៉ុន្តែដំបូងបំផុតនោះ គឺជាការរៀនស្គាល់ពីខ្លួនឯង សិក្សាពីបញ្ហាប្រឈមក្នុងជីវិត ក៏ដូចជាវប្បធម៌ អរិយធម៌នៃប្រទេសដទៃ។ ឯកឧត្តមបណ្ឌិត ក៏បាន លើកទឹកចិត្តឱ្យនិស្សិតទាំងអស់ចូលរួមចាប់យកឱកាសដ៏ពិសេសនេះ ដើម្បីអាចទទួលអាហារូបករណ៍លើការសិក្សានៅសហភាពអឺរ៉ុបបន្ថែមទៀត។
គួរបញ្ជាក់ផងដែរថា វេទិការបស់សហគមអឺរ៉ុបនេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយពីឱកាសអាហារូបករណ៍សម្រាប់និស្សិតទៅបន្តការសិក្សានៅទ្វីបអឺរ៉ុបតាមរយៈគម្រោង Erasmus Plus។