តារាចម្រៀង ឱក សុគន្ធកញ្ញា ក្លាយជាទូតសុច្ឆន្ទៈ នៃកាយរឹទិ្ធជាតិកម្ពុជា
នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទិ្ធជាតិកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូនលោកស្រី ឱក សុគន្ធកញ្ញា និងប្រកាសទូតសុច្ឆន្ទៈ នៃកាយរឹទិ្ធជាតិកម្ពុជា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំកាយរឹទិ្ធជាតិកម្ពុជា និងក្រុមការងារពាក់ព័ន្ធក្រោមឱវាទ។




ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅដល់លោកស្រី ឱក សុគន្ធកញ្ញា និងសហការី ចំពោះការចូលរួមក្នុងមហាគ្រួសារកាយរឹទ្ធិជាតិកម្ពុជា និងបានលើកឡើងពីសាវតានៃចលនាកាយរឹទ្ធិពិភពលោក ក៏ដូចជាសកម្មភាពជាច្រើនរបស់កាយរឹទ្ធិជាតិកម្ពុជាកន្លងមក និងនាពេលខាងមុខ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះ លោកស្រី ឱក សុគន្ធកញ្ញាបានស្ម័គ្រចិត្តទទួលយកភារកិច្ចជាទូតសុច្ឆន្ទៈ នៃកាយរឹទិ្ធជាតិកម្ពុជា ដើម្បីផ្សព្វផ្សាយពីសកម្មភាពកាយរឹទិ្ធជាតិកម្ពុជា សំដៅលើកកម្ពស់ការអប់រំដល់យុវជនជំនាន់ក្រោយ តបតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលយកចិត្តទុកដាក់ជំរុញឱ្យយុវជនចូលរួមការងារសង្គម ដើម្បីបង្កើនភាពធន់ និងចំណេះដឹងប្រែក្លាយជាកម្លាំងចលករចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ។


ជាការឆ្លើយតប លោកស្រី ឱក សុគន្ធកញ្ញា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ព្រមទាំងក្រុមការងារកាយរឹទ្ធិទាំងអស់ ដែលបានផ្តល់កិត្តិយស និងឱកាសឱ្យលោកស្រី និងសហការី បានចូលរួមបំពេញភារកិច្ចដ៏មានអត្ថន័យនេះ ដើម្បីបម្រើដល់សង្គមជាតិ ដោយគូសបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការរួមចំណែកឱ្យកាន់តែសកម្មដល់សកម្មភាពមនុស្សធម៌ សប្បុរសធម៌ ធ្វើជាគំរូបង្ហាញនូវទង្វើល្អក្នុងការរស់នៅ សច្ចធម៌ គុណធម៌ សន្តិភាពផ្លូវចិត្ត ជំរុញលើកទឹកចិត្តយុវជនជំនាន់ក្រោយឱ្យក្លាយជាកូនល្អ មិត្តល្អ សិស្សល្អ និងពលរដ្ឋល្អ។


តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះទឹកចិត្ត និងការប្តេជ្ញាចិត្តរបស់ លោកស្រី ឱក សុគន្ធកញ្ញា និងសហការីទាំងអស់ ដែលបានស្ម័គ្រចិត្តចូលជាសមាជិកកាយរឹទិ្ធជាតិកម្ពុជា ដើម្បីចូលរួមចំណែកផ្សព្វផ្សាយការងារអប់រំ កិច្ចការមនុស្សធម៌ និងអភិវឌ្ឍសហគមន៍នានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងនាមជាទូតសុច្ឆន្ទៈ លោកស្រី នឹងបន្តជួយផ្សព្វផ្សាយរូបភាពកាយរឹទិ្ធជាតិកម្ពុជា និងការអប់រំនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
ប្រភព៖ MoEYS