ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃអភិបាលខេត្តកំពង់ស្ពឺ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារសម្ព័ន្ធគ្រូពេទ្យស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃអភិបាលខេត្តកំពង់ស្ពឺ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធី ជួបសំណេះសំណាលជាមួយក្រុមការងារសម្ព័ន្ធគ្រូពេទ្យស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា និងប្រជាពលរដ្ឋ ក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។



ជាមួយគ្នានេះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ជួន វន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគងពិសី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៣ នៃស្រុកគងពិសី រួមជាមួយឯកឧត្តមលោកជំទាវ លោក លោកស្រី ក្រុមការងារសម្ព័ន្ធគ្រូពេទ្យស្ម័គ្រចិត្តសភាពសហព័ន្ធជនកម្ពុជា ថ្នាក់ដឹកនាំខេត្ត ស្រុក យុវជន ស.ស.យ.ក. និងប្រជាពលរដ្ឋសរុបចំនួន ៣,៦៦៩ នាក់ នៅអនុវិទ្យាល័យមន្ត្រីម៉ី ស្ថិតនៅភូមិដំរីស្លាប់ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។


គួរបញ្ជាក់ថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបំពេញបេសកកម្មដ៏ថ្លៃថ្លាក្នុងការចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា។ តាមរយៈនៃកិច្ចខិតខំប្រឹងប្រែងដ៏ឧត្តុងឧត្តមនេះ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី នាំឱ្យប្រជាពលរដ្ឋទាំងអស់ គោរពថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះ ការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ជាពិសេសឯកឧត្តម ហ៊ុន ម៉ានី ថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ និងថ្នាក់ដឹកនាំ សមាជិក សមាជិកានៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តស.ស.យ.ក. ព្រមទាំងក្រុមការងារផងដែរ៕


