ក្រោយទទួលបានដំណឹងនៃឧបទ្ទវហេតុក្រឡាប់រថយន្តលើភ្នំគិរីរម្យ ឯកឧត្តម ហ៊ុន ម៉ានី ចាត់តំណាងក្រុមការងារយ៉ាងឆាប់រហ័ស ចុះពិនិត្យទីតាំងជាក់ស្តែង និងជួយសង្គ្រោះអ្នករបួសទៅកាន់មន្ទីរពេទ្យ
ក្រោយទទួលបានដំណឹងនៃឧបទ្ទវហេតុក្រឡាប់រថយន្តលើភ្នំគិរីរម្យ (ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ) នៃខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ បានចាត់តំណាងក្រុមការងារយ៉ាងឆាប់រហ័ស សហការជាមួយអាជ្ញាធរមូលដ្ឋានខេត្តកំពង់ស្ពឺ បញ្ជាដោយផ្ទាល់ពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ចុះពិនិត្យទីតាំងជាក់ស្តែង និងសម្របសម្រួលក្នុងការជួយសង្គ្រោះអ្នករបួសធ្ងន់ ស្រាលជាច្រើននាក់ទៅកាន់មន្ទីរពេទ្យ។


ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានសរសេររៀបរាប់លើគេហទំព័ររបស់ឯកឧត្តមថា “សូមបងប្អូនសាច់ញាតិនៅខេត្តស្វាយរៀងកុំបារម្ភ អ្នកក្រឡាប់ឡាននៅតំបន់គិរីរម្យពួកគាត់មកស្នាក់នៅមន្ទីរពេទ្យខេត្តដោយមានការយកចិត្តទុកដាក់ពីលោកគ្រូអ្នកគ្រូពេទ្យ។”



គួរបញ្ជាក់ថា រថយន្តក្រុង ៤៥ កៅអី ដឹកអ្នកទេសចរ បានក្រឡាប់ធ្លាក់ជ្រោះកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥នេះ ដោយឧបទ្ទវហេតុដាច់ហ្វ្រាំង ពេលចុះចំណោតភ្នំគិរីរម្យ ដែលបណ្ដាលឱ្យមនុស្សរងរបួសធ្ងន់ និងស្រាលជាច្រើននាក់៕

