តើអ្វីជាការផ្លាស់ប្ដូររបស់សេដ្ឋកិច្ចអាមេរិក នៅពេលដែលសង្រ្គាមពាណិជ្ជកម្មកើនឡើង?


ប្រធានាធិបតីអាមេរិកលោក Donald Trump បានបដិសេធមិននិយាយថាតើសេដ្ឋកិច្ចអាមេរិកកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច ឬការកើនឡើងតម្លៃ បន្ទាប់ពីរដ្ឋបាលរបស់លោកបានផ្លាស់ប្តូរការគម្រាមកំហែងពន្ធប្រឆាំងនឹងដៃគូពាណិជ្ជកម្មជិតបំផុតមួយចំនួនរបស់ខ្លួន។

នៅពេលសួរថាតើគាត់រំពឹងថានឹងមានវិបត្តិសេដ្ឋកិច្ចនៅឆ្នាំនេះឬអត់ លោក Trump បាននិយាយថា សេដ្ឋកិច្ចអាមេរិកនៅក្នុង “ការផ្លាស់ប្តូរ” នៅពេលដែលសង្រ្គាមពាណិជ្ជកម្មកើនឡើង។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Howard Lutnick បានទទូចថានឹងមិនមានការធ្លាក់ចុះនៅក្នុងសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកនោះទេ ខណៈពេលលោកបានទទួលស្គាល់ថាតម្លៃទំនិញមួយចំនួនអាចនឹងកើនឡើង។

វាកើតឡើងបន្ទាប់ពីសប្តាហ៍ដែលមានការប្រែប្រួលសម្រាប់ទីផ្សារហិរញ្ញវត្ថុអាមេរិក ខណៈដែលអ្នកវិនិយោគបានជួបនឹងភាពមិនប្រាកដប្រជាពីការគ្រប់គ្រងរបស់រដ្ឋបាល Trump លើផ្នែកសំខាន់ៗមួយចំនួននៃគោលនយោបាយពាណិជ្ជកម្មដ៏ឈ្លានពានរបស់ខ្លួន។

ពន្ធថ្មីពីប្រទេសចិន ដែលកំណត់គោលដៅលើផលិតផលកសិកម្មមួយចំនួនរបស់សហរដ្ឋអាមេរិក បានចូលជាធរមានកាលពីថ្ងៃចន្ទ។ ថ្លែងទៅកាន់ Fox News នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ លោក Trump បានឆ្លើយតបទៅនឹងសំណួរអំពីវិបត្តិសេដ្ឋកិច្ចថា “ខ្ញុំស្អប់ការទស្សន៍ទាយរឿងបែបនេះណាស់។ ប៉ុន្តែមានដំណាក់កាលផ្លាស់ប្តូរមួយ ពីព្រោះអ្វីដែលយើងកំពុងធ្វើនេះគឺធំណាស់។ យើងកំពុងនាំយកឥទ្ធិពលរបស់អាមេរិកមកវិញ។ លោក Trump បានបន្ថែមថា “វាត្រូវការពេលបន្តិច ប៉ុន្តែខ្ញុំគិតថា វាគួរតែអស្ចារ្យណាស់សម្រាប់យើង” ។

កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានដាក់ពន្ធថ្មីចំនួន ២៥% លើការនាំចូលពីម៉ិកស៊ិក និងកាណាដា ប៉ុន្តែបន្ទាប់មកបានលើកលែងទំនិញទាំងនោះជាច្រើនត្រឹមតែរយៈពេលពីរថ្ងៃក្រោយមក។ លោក Trump ក៏បានដំឡើងពន្ធទ្វេរដងលើទំនិញពីប្រទេសចិនដល់ ២០% ។ ជាការឆ្លើយតប ទីក្រុងប៉េកាំងបានប្រកាសយកពន្ធសងសឹកលើការនាំចូលទំនិញកសិកម្មមួយចំនួនពីសហរដ្ឋអាមេរិក។

ចាប់ពីថ្ងៃនេះតទៅ ផលិតផលកសិកម្មមួយចំនួនរបស់អាមេរិកនឹងចូលទៅក្នុងប្រទេសចិន – រួមទាំងសាច់មាន់ សាច់គោ សាច់ជ្រូក ស្រូវសាលី និងសណ្តែកសៀង – ប្រឈមនឹងពន្ធថ្មីពី ១០ ទៅ ១៥% ។
ប្រធានាធិបតីអាមេរិកបានចោទប្រកាន់ចិន ម៉ិកស៊ិក និងកាណាដាថាមិនបានធ្វើគ្រប់គ្រាន់ដើម្បីបញ្ចប់លំហូរនៃគ្រឿងញៀនខុសច្បាប់ និងជនចំណាកស្រុកចូលសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសទាំងបីបានច្រានចោលការចោទប្រកាន់នេះ។

ភាគហ៊ុននៅ Wall Street បានធ្លាក់ចុះចាប់តាំងពីលោក Trump បង្កឱ្យមានសង្រ្គាមពាណិជ្ជកម្មជាមួយដៃគូពាណិជ្ជកម្មកំពូលរបស់សហរដ្ឋអាមេរិក។ វិនិយោគិនបារម្ភថាពន្ធនឹងនាំឱ្យតម្លៃកាន់តែខ្ពស់។

ថ្លែងនៅទូរទស្សន៍ NBC កាលពីថ្ងៃអាទិត្យលោក Lutnick បាននិយាយថា៖ «ទំនិញបរទេសអាចនឹងឡើងថ្លៃជាងបន្តិច។ ប៉ុន្តែទំនិញអាមេរិកនឹងចុះថោក»។
ប៉ុន្តែនៅពេលត្រូវបានសួរថាតើសេដ្ឋកិច្ចអាមេរិកអាចប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចលោក Lutnick បានបន្ថែមថា “មិនពិតទេ… វានឹងមិនមានវិបត្តិសេដ្ឋកិច្ចនៅអាមេរិកទេ”។
ជាមួយគ្នានេះ អតីតមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Frank Lavin បានប្រាប់ BBC ថា លោកគិតថា សង្គ្រាមពាណិជ្ជកម្មទំនងជាមិនអាចកើនឡើងហួសពីការគ្រប់គ្រងនោះទេ៕

ប្រភព៖ BBC