ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ អាជីពជាគ្រូបង្រៀន គឺត្រូវបន្តរៀនសូត្រពេញមួយជីវិត បន្តពង្រឹងសមត្ថភាពជាប្រចាំ ទើបយើងអាចបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់
ថ្លែងនៅក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅការងារ ឆ្នាំសិក្សា២០២៤-២០២៥ ក្រោមប្រធានបទ “អភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០”នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា អាជីពជាគ្រូបង្រៀន គឺត្រូវបន្តរៀនសូត្រពេញមួយជីវិត បន្តពង្រឹងសមត្ថភាពជាប្រចាំ ទើបយើងអាចបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។

អនុសាសន៍នេះ គឺជាធាតុចូលបន្ថែមពីលើប្រធានបទដែលវាគ្មិនចំនួន ៥ រូប រួមមានប្រធានបទ “បរិវត្តកម្មអប់រំជនពេញវ័យ” “ការអភិវឌ្ឍមូលធនយុវជនតាមរយ:ការអនុវត្តសកម្មភាពអាទិភាពនៃអគ្គនាយកដា្ឋនយុវជន” “ការជំរុញចលនាយុវជនមា្នក់ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត” “ការអនុវត្តគោលនយោបាយស្តីពី សុខភាពសិក្សា អាហារូបត្ថម្ភ ចំណីអាហារតាមសាលារៀន៖ ឧត្តមានុវត្តន៍ និងបញ្ហាប្រឈម”។

ឯកឧត្តមបណ្ឌិតសភាចារ្យបានផ្តល់អនុសាសន៍បន្ថែមឱ្យក្រុមការងារជំនាញ រៀបចំទស្សនាទានមជ្ឈមណ្ឌលសិក្សាសិក្សាពេញមួយជីវិត ដែលមានភាពច្បាស់លាស់ និងប្រាកដនិយម “មើលឱ្យធំ និងជាក់ស្តែង” ផ្អែកលើការសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ផ្តល់ជំនាញដែលចាំបាច់ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ជាពិសេសជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យា និងមានការផ្សារភ្ជាប់ជាមួយកម្មវិធីណាមួយរបស់សាកលវិទ្យាល័យ សំដៅប្រើប្រាស់ធនធានដែលមានស្រាប់នៅតាមគ្រឹះស្ថានអប់រំសាធារណៈឱ្យអស់ពីលទ្ធភាព។


ជាមួយគ្នានេះ ក្រសួងបាននិងកំពុងជំរុញការអនុវត្តស្តង់ដាសាលារៀនគំរូ ដោយបានដាក់បញ្ចូលវិធានគន្លឹះជាច្រើនទៅក្នុងកម្មវិធីសិក្សា ជំរុញការរៀនពេញមួយថ្ងៃ និងកម្មវិធីក្រៅម៉ោងសិក្សា សំដៅបំពេញបន្ថែមដើម្បីសម្រេចបានការបណ្តុះបំណិនសតវត្សទី២១។ បន្ថែមពីនេះ គឺត្រូវបន្តកែលម្អកម្មវិធីសិក្សា ដោយបង្រៀនសិស្សឱ្យចេះ និងយល់ ផ្សារភ្ជាប់ទ្រឹស្តីនឹងការអនុវត្តជាក់ស្តែង និងបណ្តុះបំណិនដោះស្រាយបញ្ហា ស្វ័យសិក្សា ត្រិះរិះពិចារណា និងលើកទឹកចិត្តឱ្យចូលរួមក្នុងការប្រកួតប្រជែងផ្សេងៗ ជាក់ស្តែងសិស្សដែលបានចូលរួមក្នុងកម្មវិធីរបស់អគ្គនាយកដ្ឋានយុវជន ទទួលបានបំណិនសតវត្សទី២១ មិនខុសពីសិស្សដែលរៀននៅសាលារៀនជំនាន់ថ្មីឡើយ។
ឯកឧត្តមបណ្ឌិតសភាចារ្យបន្តថា កីឡានាំមកនូវការលូតលាស់ទាំងផ្នែករាយកាយ បញ្ញាស្មារតី អប់រំចរិយាធម៌ សីលធម៌ ពង្រឹងវិន័យ និងបំណិនធ្វើការងារជាក្រុម ក្នុងន័យនេះ ការអប់រំ មិនមែនតែក្នុងថ្នាក់រៀនទេ គឺក្តោបលើការលូតលាស់ជារួមទាំងនៅក្នុង និងក្រៅសាលា និងតាមធម្មជាតិប្រកបដោយភាពវិជ្ជមាន។ ទន្ទឹមនឹងនេះ រំលឹកពីគោលដៅនៃការអប់រំ គឺត្រូវធានាឱ្យបាននូវគុណភាព សមធម៌ និងបរិយាបន្ន។ ដូច្នេះទាមទារចាំបាច់ឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន រួមទាំងដៃគូអភិវឌ្ឍ និងវិស័យឯកជន ,ការធ្វើទំនើបកម្ម ដោយត្រូវចេះទាញប្រយោជន៍ពីបច្ចេកវិទ្យាដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការរៀន និងបង្រៀន ក៏ដូចជាការចេះប្រើប្រាស់បច្ចេកវិទ្យា ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងការងារប្រចាំថ្ងៃ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋបានវាយតម្លៃខ្ពស់ចំពោះនាយកដ្ឋានពាក់ព័ន្ធក្នុងអនុវិស័យនីមួយៗ ប្រធានអង្គភាព/មន្ទីរ ប្រធានគ្រឹះស្ថានឧត្តមសិក្សា និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារប្រកបដោយមនសិការទទួលខុសត្រូវខ្ពស់សម្រេចបានលទ្ធផលគួរជាទីមោទនៈ និងសូមលើកទឹកចិត្តឱ្យបន្តកែលម្អបន្តិចម្តងៗជាប្រចាំ ក៏ដូចជាបន្តចែករំលែកចំណេះដឹង បទពិសោធ ឧត្តមានុវត្តន៍ ក្នុងបុព្វហេតុលើកកម្ពស់វិស័យអប់រំ និងអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា។
ប្រភព៖ MoEYS