|

ឯកឧត្តមបណ្ឌិត សោម រតនា៖ “មានតិច ឱ្យរៀនតាមតិច ប៉ុន្តែត្រូវតែឱ្យរៀន”


នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញប្រគល់វិញ្ញាបនបត្រជូននិស្សិតនៅអង្គការប៉ាសឺរែលនុយមេនិកកម្ពុជា ដែលបានបញ្ចប់ការសិក្សា ២ ឆ្នាំ ជំនាញព័ត៌មានវិទ្យា នៅមជ្ឈមណ្ឌលមហាមង្គលសែនសុខ។ ក្នុងពិធីនេះ មានវត្តមានអញ្ជើញចូលរួមពីសំណាក់តំណាងនាយកដ្ឋានឧត្តមសិក្សា នាយកប្រចាំអង្គការប៉ាសឺរែលនុយមេនិកកម្ពុជា តំណាងអង្គការកុមារមេគង្គ តំណាងអង្គការ/ស្ថាប័ន ជាដៃគូ តំណាងសាកលវិទ្យាល័យ និស្សិតជ័យលាភី រួមទាំងអាណាព្យាបាលនិស្សិត សរុបប្រមាណ ៦០០រូប។

តាងនាមថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបានសម្ដែងនូវក្ដីសោមនស្សរីករាយ និងបានអបអរសាទរចំពោះប្អូនៗជាជ័យលាភី ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យក្នុងថ្ងៃនេះ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះអង្គការប៉ាសឺរែលនុយមេនិកកម្ពុជា ដែលបានបំពេញបេសកកម្មរបស់ខ្លួនយ៉ាងល្អ ក្នុងការបណ្ដុះបណ្ដាលនិស្សិតប្រកបដោយគុណភាព និងសមត្ថភាព ដែលរួមចំណែកដល់ការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមបានមានប្រសាសន៍ថា ភាពជោគជ័យរបស់ប្អូនៗក្នុងថ្ងៃនេះ ពិតជាមិនអាចកាត់ផ្ដាច់បានឡើយពីការខិតខំប្រឹងប្រែង និងការលះបង់របស់ឪពុកម្ដាយ និងអាណាព្យាបាល ដោយទាំងនេះគឺជាការវិនិយោគដ៏ត្រឹមត្រូវបំផុត។ ឧត្តមបានបន្តថា “ពិតណាស់ សម្រាប់គ្រួសារមួយចំនួន ការចំណាយលើការអប់រំរបស់កូន បង្កប់នូវភាពជូចត់ ប៉ុន្តែលទ្ធផល ពិតជាផ្អែមល្ហែម”។

ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា ការវិយោគលើអ្វីផ្សេង អាចប្រឈមនឹងការខាតបង់ ប៉ុន្តែខុសពីវិយោគលើការអប់រំ ព្រោះវាគឺជាការកសាង និងត្រួសត្រាយផ្លូវដល់អនាគតប្អូនៗឱ្យភ្លឺត្រចះត្រចង់។ បន្ថែមពីនេះ ប៉ុន្តែការអប់រំ គឺជាការកសាងធនធានមនុស្សប្រកបដោយសក្តានុពល ដែលជាកម្លាំងចលករដ៏រឹងមាំក្នុងការអភិវឌ្ឍប្រទេសជាតិ។ ចង់ឱ្យប្រទេសជាតិមួយរីកចម្រើនផ្នែកបច្ចេកវិទ្យា គឺត្រូវមានធនធានមនុស្សដែលមានជំនាញផ្នែកបច្ចេកវិទ្យា ជាក់ស្ដែងដូចជាប្អូនៗដែលទទួលវិញ្ញាបនបត្រនាពេលនេះជាដើម។

ឯកឧត្តមក៏បានលើកទឹកចិត្តដល់ប្អូនៗនិស្សិត ឱ្យបន្តការរៀនសូត្រ និងអភិវឌ្ឍខ្លួនជាប់ជាប្រចាំ និងស្នើដល់អាណាព្យបាលគ្រប់រូបឱ្យបន្តជំរុញ និងគាំទ្រក្នុងការសិក្សារបស់កូនៗ ដោយ“មានតិច ឱ្យរៀនតាមតិច ប៉ុន្តែត្រូវតែឱ្យរៀន”។ ផ្សារភ្ជាប់ជាមួយគ្នានេះ ឯកឧត្តម បានស្នើដល់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តផ្ដល់ការគាំទ្រដល់ប៉ាសឺរែលនុយមេនិកកម្ពុជា ដោយក្នុងនោះក្រសួងអប់រំក៏នឹងបន្តគាំទ្រ ដើម្បីឱ្យអង្គការប៉ាសឺរែលដើម្បីសម្រេចបេសកកម្មរបស់ខ្លួនបន្តទៀត។

គួរបញ្ជាក់ថា អង្គការប៉ាសឺរែលនុយមេនិក។ កម្ពុជា ជាអង្គការក្រៅរដ្ឋាភិបាលដែលមិនស្វែងរកប្រាក់ចំណេញ មានបេសកកម្មផ្ដល់ការអប់រំកម្រិតឧត្តមសិក្សា ជាពិសេសថ្នាក់បរិញ្ញាបត្ររងជំនាញព័ត៌មានវិទ្យាដល់និស្សិតក្រីក្រមកពីបណ្ដារាជធានីខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា៕