ក្រសួងមុខងារសាធារណៈ ប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ០១ អនក្រ.បក ស្តីពី “គោលការណ៍និងនីតិវិធីនៃការតែងតាំង ការផ្លាស់ប្តូរ និងការបញ្ចប់មុខតំណែងនាយកនៃគ្រឹះស្ថានមតេ្តយ្យសិក្សាសាធារណៈ និងគ្រឹះស្ថានបឋមសិក្សាសាធារណៈ”
នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម ថោ សេដ្ឋាណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ដឹកនាំប្រជុំផ្សព្វផ្សាយ អនុក្រឹត្យលេខ០១ អនក្រ.បក ស្តីពី “គោលការណ៍និងនីតិវិធីនៃការការតែងតាំង ការផ្លាស់ប្តូរ និងការបញ្ចប់មុខតំណែង
នាយកនៃគ្រឹះស្ថានមតេ្តយ្យសិក្សាសាធារណៈ និងគ្រឹះស្ថានបឋមសិក្សាសាធារណៈ” និងការកែសម្រួលព្រះរាជក្រឹត្យលេខ នស/រកត/១២២៤/១៥៥៩ ស្តីពី “លក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ”។ កិច្ចប្រជុំប្រព្រឹត្តទៅនៅទីស្តីការក្រសួង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោក លោកស្រី ប្រធានមន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំង២៥ និងមន្រ្តីជំនាញ នៃក្រសួងមុខងារសាធារណៈ មានចំនួនសរុប ៦៥នាក់។



បន្ទាប់ពីមតិស្វាគមន៍ ឯកឧត្តមប្រធានអង្គប្រជុំបានគូសបញ្ជាក់ពីគោលដៅសំខាន់នៃការផ្សព្វផ្សាយអនុក្រឹត្យនេះគឺដើម្បីរួមចំណែកការអនុវត្តវិធានការគន្លឺះរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈដែលមានក្រសួងមុខងារសាធារណៈជាសេនាធិការ។ ទន្ទឹមនេះ ការអនុវត្តអនុក្រឹត្យនេះនឹងជួយជំរុញការជ្រើសរើសនាយកសាលាប្រកបដោយគុណាធិបតេយ្យ សម្រាប់គ្រឹះស្ថានមត្តេយ្យសិក្សា និងបឋមសិក្សាសាធារណៈ ដោយទទួលបានថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សាដែលមានសមត្ថភាព មានភាពវៃឆ្លាត មានគំនិតច្នៃប្រឌិតខ្ពស់។


ជាការរួមចំណែកដល់កិច្ចប្រជុំផ្សព្វផ្សាយនេះ ឯកឧត្តមរដ្ឋលេខាធិការ ស សាម៉ីឌី បានធ្វើបទបង្ហាញ និងពន្យល់លម្អិតបន្ថែមខ្លឹមសារនៃអនុក្រឹត្យខាងលើជូនអង្គប្រជុំ ដើម្បីឱ្យប្រធានមន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំងអស់ដែលជាតួអង្គពាក់ព័ន្ធសំខាន់ក្នុងការធានាប្រសិទ្ធភាពនៃអនុវត្តអនុក្រឹត្យនេះ បានយល់ច្បាស់ពីនីតិវិធី និងលក្ខខណ្ឌផ្សេងៗ ព្រមទាំងចូលរួមផ្សព្វផ្សាយបន្តនៅរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែទូលាយ។


ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការប្រធានអង្គប្រជុំ បានថ្លែងអំណរគុណដល់សមាជិកអង្គប្រជុំទាំងអស់ និងបង្ហាញក្តីសង្ឃឹមយ៉ាងម៉ុតមាំថា ការផ្សព្វផ្សាយអនុក្រឹត្យខាងលើ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្ស សម្រាប់ប្រទេសជាតិរបស់យើងនៅថ្ងៃអនាគត៕
