កម្ពុជា និងឥណ្ឌាសហការអនុវត្តគម្រោង QIP ដោយបង្កើតបណ្ណាល័យវិទ្យាសាស្ត្រ នៅខេត្តបាត់ដំបង
ភ្នំពេញ, ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ – ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌា បានចុះអនុស្សរណៈនៃការយោគយល់ ដើម្បីសហការអនុវត្តគម្រោង Quick Impact Project (QIP) ដោយបង្កើតបណ្ណាល័យវិទ្យាសាស្ត្រ នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។ គំនិតផ្តួចផ្តើមនេះមានគោលដៅបណ្តុះវប្បធម៌នៃការសិក្សាស្វែងយល់ផ្នែកវិទ្យាសាស្ត្រ និងនវានុវត្តន៍ ក្នុងចំណោមយុវជនកម្ពុជា តាមរយៈការពង្រីកលទ្ធភាពទទួលបានឯកសារ សម្ភារសិក្សា និងធនធានទាក់ទងនឹងវិទ្យាសាស្ត្រ។


អនុស្សរណៈនេះត្រូវបានចុះហត្ថលេខា ដោយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា ដោយឈរលើមូលដ្ឋាននៃភាពជាដៃគូផ្នែកវប្បធម៌ និងប្រវត្តិសាស្ត្រដ៏យូរអង្វែងរវាងឥណ្ឌា និងកម្ពុជា ក៏ដូចជាចក្ខុវិស័យរួមរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់ការយល់ដឹងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។




ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “គំនិតផ្តួចផ្តើមនេះបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់ប្រទេសទាំងពីរ ក្នុងការពង្រឹងចំណេះដឹងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅក្នុងតំបន់ជនបទ។ ខណៈដែលយើងចាប់ផ្តើមកិច្ចសហប្រតិបត្តិការថ្មីនេះ ក្រសួងនឹងបន្តប្រើប្រាស់មូលដ្ឋានដែលមានស្រាប់ ដើម្បីស្វែងរកឱកាសពង្រីកកិច្ចសហការបន្ថែមទៀតក្រោមក្របខណ្ឌនៃគម្រោង QIP ។”
ប្រភព៖ MISTI