|

កូកា-កូឡា គំរាមប្រើប្រាស់ផ្លាស្ទិកកាន់តែច្រើន ដោយសារ Donald Trump ប្រកាសតំឡើងពន្ធ!


នាយកប្រតិបត្តិក្រុមហ៊ុន លោក James Quincey បាននិយាយជាមួយអ្នកវិនិយោគថា កូកា-កូឡា ប្រហែលជាត្រូវលក់ភេសជ្ជៈបន្ថែមទៀតដោយប្រើប្រាស់ដបប្លាស្ទិកនៅក្នុងសហរដ្ឋអាមេរិក ប្រសិនបើពន្ធរបស់ប្រធានាធិបតី Donald Trump ត្រូវបានតំឡើង ដោយការតំឡើងពន្ធបែបនេះ នឹងធ្វើឱ្យកំប៉ុងអាលុយមីញ៉ូមមានតម្លៃថ្លៃជាងប្លាស្ទិក។
លោក James បានលើកឡើងបន្ទាប់ពីលោក Trump បានបញ្ជាឱ្យយកពន្ធនាំចូល ២៥%លើដែកថែប និងអាលុយមីញ៉ូមទាំងអស់ដែលចូលសហរដ្ឋអាមេរិក។

នៅក្នុងខែធ្នូ ក្រុមហ៊ុនភេសជ្ជៈយក្សនេះបានទម្លាក់គោលដៅនិរន្តរភាពរបស់ខ្លួនក្នុងការប្រើប្រាស់វត្ថុធាតុដើមកែច្នៃចំនួន ៥០%នៅក្នុងការវេចខ្ចប់របស់ខ្លួននៅឆ្នាំ២០៣០ មកនៅត្រឹម ៣៥% ទៅ ៤០% នៅឆ្នាំ២០៣៥។ ក្រុមបរិស្ថានបានដាក់ស្លាកកូកា-កូឡាថាជា «អ្នកបំពុលប្លាស្ទីកលំដាប់ពិភពលោក» សម្រាប់រយៈពេលប្រាំមួយឆ្នាំជាប់ៗគ្នា។

លោក Quincey បាននិយាយថា «ប្រសិនបើកញ្ចប់មួយទទួលរងនូវការកើនឡើងនៃការចំណាយលើធាតុចូល យើងបន្តផ្តល់ជូនការវេចខ្ចប់ផ្សេងទៀតដែលនឹងអនុញ្ញាតឱ្យយើងមានការប្រកួតប្រជែងក្នុងតម្លៃសមរម្យ» ។ ឧទាហរណ៍ ប្រសិនបើកំប៉ុងអាលុយមីញ៉ូមមានតម្លៃថ្លៃជាង យើងអាចដាក់ការសង្កត់ធ្ងន់បន្ថែមទៀតលើដប PET (ផ្លាស្ទិច)។ ថៅកែ Coca-Cola ក៏បានព្យាយាមកាត់បន្ថយផលប៉ះពាល់នៃពន្ធលើអាជីវកម្មរបស់គាត់ដោយនិយាយថាការវេចខ្ចប់គ្រាន់តែជាផ្នែកតូចមួយនៃការចំណាយរបស់ក្រុមហ៊ុនគាត់ប៉ុណ្ណោះ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ កូកា-កូឡា បាននឹងកំពុងលក់ផលិតផលកាន់តែច្រើននៅក្នុងកំប៉ុងអាលុយមីញ៉ូម ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រទីផ្សារ និងនិរន្តរភាពរបស់ខ្លួន។
ទោះបីជាជាទូទៅមានតម្លៃថ្លៃជាងក៏ដោយ ក៏កំប៉ុងអាលុយមីញ៉ូមក៏អាចកែច្នៃបានច្រើនជាងដបប្លាស្ទិក និងអាចរក្សាទុកបានយូរជាងផងដែរ៕

ប្រភព៖ BBC