សាលាភូមិន្ទរដ្ឋបាល និង សាកលវិទ្យាល័យប៉ូលីណេស៊ីបារាំង សហការរៀបចំកម្មវិធីសន្និសីទអន្តរជាតិស្តីពី «ការពិនិត្យឡើងវិញទូទៅនៃរដ្ឋបាលសាធារណៈ»
នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ សាលាភូមិន្ទរដ្ឋបាល បានសហការជាមួយ សាកលវិទ្យាល័យប៉ូលីណេស៊ីបារាំង រៀបចំកម្មវិធីសន្និសីទអន្តរជាតិស្តីពី «ការពិនិត្យឡើងវិញនៃទូទៅនៃរដ្ឋបាលសាធារណៈ» នៅសាលាភូមិន្ទរដ្ឋបាល។ សន្និសីទនេះត្រូវបានរៀបចំឡើង ក្នុងគោលដៅក្លាយជាមូលដ្ឋានសម្រាប់កម្ពុជាសិក្សារៀនសូត្រអំពីបទពិសោធ និងឧត្តមានុវត្តរបស់ប្រទេសអន្តរជាតិនៅក្នុងដំណើរការនៃការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ ដែលប្រទេសកម្ពុជាកំពុងអនុវត្តនាពេលបច្ចុប្បន្ននេះផងដែរ។


សន្និសីទនេះ បានរៀបចំបទបង្ហាញដោយវាគ្មិនកិត្តិយសគណៈប្រតិភូនៃសាកលវិទ្យាល័យប៉ូលីណេស៊ីបារាំង លើប្រធានបទចំនួន៤ រួមមាន៖ (១)បរិវត្តកម្មរួមគ្នានៃមុខងារ រចនាសម្ព័ន្ធ និងមធ្យោបាយរបស់រដ្ឋបាលសាធារណៈ (២)ការពិនិត្យរដ្ឋបាលផ្ទៃក្នុង (៣)៨០ឆ្នាំនៃអង្គការសហប្រជាជាតិ (១៩៤៥-២០២៥)៖សមិទ្ធផលនិងបញ្ហាប្រឈម និង (៤)ស្វែងយល់អំពីមូលហេតុផ្សេងៗនៃការធ្លាក់ចុះនៃការសិក្សា, ទស្សនៈវិស័យថ្មីៗសម្រាប់សាលាភូមិន្ទរដ្ឋបាលដើម្បីរួមចំណែកដោយផ្ទាល់ ឬប្រយោលដល់ការកែលម្អប្រព័ន្ធអប់រំកម្ពុជា។


មានប្រសាសន៍ក្នុងពិធីបិទសន្និសីទ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ បានថ្លែងអំណរគុណចំពោះសាស្រ្តាចារ្យវាគ្មិន និងគណៈប្រតិភូរបស់សាកលវិទ្យាល័យប៉ូលីណេស៊ីបារាំងទាំងអស់ដែលបាន ចែករំលែកចំណេះដឹង បទពិសោធ ការសិក្សាស្រាវជ្រាវ និងទស្សនៈល្អៗ ដល់អង្គពិធីទាំងមូលដែលជាធាតុចូលនិងចូលរួមចំណែកគាំទ្រដល់ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ក្នុងគោលដៅដើម្បីពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្តការងាររបស់រដ្ឋបាលសាធារណៈកម្ពុជាឱ្យកាន់តែប្រសើរឡើង។



គួរជម្រាបថា សន្និសីទអន្តរជាតិនេះ កើតចេញពីគំនិតផ្តួចផ្តើមនិងការណែនាំតម្រង់ទិសដោយផ្ទាល់របស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ដោយមានការពិភាក្សាជាបន្តបន្ទាប់ជាមួយគណៈប្រតិភូរបស់សាកលវិទ្យាល័យប៉ូលីណេស៊ីបារាំង ក្រោមកិច្ចសម្របសម្រួលដោយលោក Laurent Mesmann ទីប្រឹក្សាពិសេសរបស់សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងជាប្រធានគម្រោងមជ្ឈមណ្ឌលសហប្រតិបត្តិការបារាំង រហូតឈានដល់ការកំណត់រួមគ្នាអំពីទស្សនទាននៃសន្និសីទអន្តរជាតិនេះ ក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹង បទពិសោធ ព័ត៌មានបច្ចុប្បន្នភាពជុំវិញប្រធានបទស្តីពីការពិនិត្យឡើងវិញទូទៅនៃរដ្ឋបាលសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញកម្ពុជា ដែលទទួលបន្ទុកលើការងារកំណែទម្រង់គន្លឹះរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ សន្និសីទដ៏មានសារៈសំខាន់នេះ នឹងក្លាយជាមូលដ្ឋានសម្រាប់កម្ពុជាសិក្សារៀនសូត្រអំពីបទពិសោធ និងឧត្តមានុវត្តរបស់ប្រទេសអន្តរជាតិនៅក្នុងដំណើរការនៃការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ ដែលប្រទេសកម្ពុជាកំពុងអនុវត្តនាពេលបច្ចុប្បន្ននេះផងដែរ។