|

តើប៉ារីសអាចបំបាក់មែនស៊ីធីឡើងវគ្គផ្ដាច់ព្រ័ត្រ UEFA Champion League បានទេ?


ក្រុមបាល់ទាត់ Paris Saint-Germain នឹងប្រកួតទល់នឹងក្រុមម្ចាស់ផ្ទះ ​Manchester City ក្នុងជំនួបជើងទីពីរ ក្របខណ្ឌ UEFA Champion League នាវេលាម៉ោង២ទាបភ្លឺឈានចូលថ្ងៃទី៥ ខែឧសភាស្អែកនេះ។ ក្នុងជំនួបជើងទីពីរនេះ ក្រុមអ្នកមានបារាំង Paris Saint-Germain ត្រូវការឈ្នះ និងមានចំនួនគ្រាប់បាល់លើសសរុបទាំងពីរជើងទើបអាចឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្របាន។

មុនឈានមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប៉ារីសបានទម្លាក់ក្រុមខ្លាំងៗដូចជា Barcelona ក្នុងវគ្គ១៦ក្រុម និងបំបាក់ Bayern Munich វគ្គ៨ក្រុម មុនឡើងមកជួបមែនស៊ីធី។ កាលពីជើងទីមួយធ្វើឡើងនៅទឹកដីបារាំង ប៉ារីសបានរងបរាជ័យក្រោមថ្វីជើងមែនស៊ីធីក្នុងលទ្ធផល១-២រួចហើយ។ ដូច្នេះសម្រាប់ការប្រកួតស្អែកនេះ ប៉ារីសត្រូវការជ័យជម្នះដាច់ខាតទើបអាចឡើងទៅកាន់វគ្គបន្តបាន។

ចំណែកមែនស៊ីធីវិញ មុននឹងឡើងមកដល់វគ្គបួនក្រុមចុងក្រោយពួកគេបានបំបាក់ក្រុមជើងខ្លាំងអាល្លឺម៉ង់ Borussia Dortmund ក្នុងវគ្គ៨ក្រុម ក្នុងលទ្ធផលសរុបទាំងពីរជើង៤-២។ គួររំឭកថា ក្រុមទាំងពីរ ប៉ារីស និងមែនស៊ីធី មិនធ្លាប់មានប្រវត្តិឈ្នះជើងឯក UEFA Champion League នោះទេ៕

ដោយ៖ ង៉ាយ ណៃ