ឯកឧត្តមបណ្ឌិត សោម រតនា៖ គុណភាពអប់រំ គឺមិនអាចយកទៅស៊ីសងជាមួយនឹងអ្វីបានឡើយ ហើយគុណភាពនេះទៀតសោត ត្រូវដៅលើសពីក្របខណ្ឌគុណវុឌ្ឍជាតិតម្រូវ
តបតាមការស្នើសុំពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងារវាយតម្លៃគុណភាពអប់រំឧត្តមសិក្សា បានដឹកនាំក្រុមការងារវាយតម្លៃគុណភាពអប់រំ ដែលអញ្ជើញមកពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំ នៃកម្ពុជា (ACC) និងស្ថាប័នឯករាជ្យចំរុះ ចុះធ្វើការវាយតម្លៃគុណភាពសិក្សាកម្រិតកម្មវិធី “បរិញ្ញាបត្រនីតិសាស្រ្តសិក្សាជាភាសាអង់គ្លេស (ELBBL)” នៅទីតាំងគោលសាកលវិទ្យាល័យ។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់លោកស្រី Margaret Jane Ryan ប្រធានកម្មវិធី និងរបាយការណ៍រួមរបស់ឯកឧត្តមបណ្ឌិត លុយ ចណ្ណា សាកលវិទ្យាធិការ ឯកឧត្តមបណ្ឌិត សោម រតនា បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ ដែលបានយកចិត្តទុកដាក់លើការជំរុញគុណភាពអប់រំកម្រិតឧត្តមសិក្សា ឈានឆ្ពោះទៅការបង្កើតនូវមូលធនមនុស្ស ដែលមានសមត្ថភាពសម្រាប់សង្គមជាតិ។
ឯកឧត្តម ក៏បានយកឱកាសនោះសង្កត់ធ្ងន់ថា គុណភាពអប់រំ គឺមិនអាចយកទៅស៊ីសងជាមួយនឹងអ្វីបានឡើយ ហើយគុណភាពនេះទៀតសោត ត្រូវដៅលើសពីក្របខណ្ឌគុណវុឌ្ឍជាតិតម្រូវ (អប្បបរមា) ដែលក្នុងនោះ គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ត្រូវត្រៀមខ្លួនប្រកួតប្រជែងគុណភាពកម្រិតតំបន់ និងអន្តរជាតិ តាមគោលការណ៏អភិវឌ្ឍគុណភាពជាបន្តបន្ទាប់ (Continuous Qulaity Improvement)។ ឆ្ពោះទៅគោលដៅនោះ សាកលវិទ្យាល័យត្រូវបន្តដាក់ទិសដៅជាក់លាក់ ដើម្បីឲ្យសម្រេចបាននូវសូចនាករជាក់ស្តែង។