|

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ដរាបណាគណបក្សប្រជាជននៅគ្រប់គ្រងប្រទេស ភាសាខ្មែរនៅតែជាភាសាជាតិតែមួយគត់របស់កម្ពុជា


ថ្មីៗប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានលើកឡើងថា ក្រសួងអប់រំយុវជន និងកីឡា បានដាក់បញ្ចូលភាសាវៀតណាមនៅក្នុងកម្មវិធីសិក្សាសម្រាប់ថ្នាក់ជាតិ។

ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា ដរាបណាគណបក្សប្រជាជននៅគ្រប់គ្រងប្រទេស ភាសាខ្មែរនៅតែជាភាសាជាតិតែមួយគត់របស់កម្ពុជា។ កាលពីមុនសង្គា្រមដើម្បីប្រឡងបាក់ឌុបគឺតម្រូវឱ្យសិស្សចេះទាំងភាសាខ្មែរ និងភាសាបារាំង ប៉ុន្តែបច្ចុប្បន្ននេះភាសាផ្សេងក្រៅអំពីភាសាខ្មែរដូចជាគង់គ្លេស ជប៉ុន បារាំង ជាដើម គឺជាភាសារៀនបន្ទាប់បន្សំ ដោយភាសាជាតិ នៅក្នុងកម្មវិធីអប់រំរបស់ជាតិ គឺភាសាខ្មែរតែមួយគត់។

ផ្អែកលើមូលដ្ឋាននេះ សម្ដេចបានដាក់អនុសាសន៍ឱ្យ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដាក់ទិសដៅធ្វើយ៉ាងណាពង្រឹងមូលដ្ឋានភាសាខ្មែរឱ្យកាន់តែរឹងមាំតាំងពីថ្នាក់បឋមសិក្សា។

សម្ដេចធិបតីបានបញ្ជាក់បន្ថែមថា ជនជាតិខ្មែរត្រូវរៀនភាសាខ្មែរ និងគ្មានផែនការត្រូវយកភាសាណាមកជំនួសភាសាខ្មែរនោះឡើយ៕