|

រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការផ្លាស់ប្ដូររដ្ឋមន្ត្រីក្រសួងការបរទេស ដោយឯកឧត្ដម ប្រាក់ សុខុន នឹងមកជំនួស ឯកឧត្ដម សុខ ចិន្តាសោភា


គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះរួចមក រដ្ឋសភាបានកំណត់បន្តសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ស្អែកនេះ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល ពោលគឺផ្លាស់ប្តូរដ្ឋមន្រ្តីក្រសួងការបរទេស។

យោងតាមរបៀបវារៈ អង្គប្រជុំនឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាចំនួនពីររូប គឺ ឯកឧត្តម ប្រាក់ សុខុន នឹងត្រូវស្នើឱ្យរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តដើម្បីកាន់តំណែងជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស ជំនួស ឯកឧត្តម សុខ ចិន្តាសោភា ដែលត្រូវបានតែងតាំងជា ឧបនាយករដ្ឋមន្រ្តី។

ជាមួយគ្នានេះ អង្គប្រជុំនឹងពិភាក្សាលើរបៀបវារៈចំនួន ៣ ផ្សេងទៀតរួមមាន៖ ការពិភាក្សានិងអនុម័តលើយោបល់ស្នើសុំកែសម្រួលចំណងជើងនិងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា-ឡាវ- វៀតណាម,ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ និងការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។