|

ស្តេច អេស្ប៉ាញ ត្រូវបានប្រជាជនចោមរោមគប់ភក់ និងជេរប្រមាថ ចោទថាជាឃាតករ អំឡុងពេលធ្វើទស្សនកិច្ចទៅទីក្រុង ដែលត្រូវបំផ្លិចបំផ្លាញដោយទឹកជំនន់


អ្នកស្រុករាប់រយនាក់នៃតំបន់ជាយក្រុង Valencia ដែលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់ដ៏សាហាវកាលពីសប្តាហ៍មុន បានតវ៉ា និងគប់ភក់ទៅលើស្តេចអេស្បាញ Felipe ម្ចាស់ក្សត្រី Letizia និងនាយករដ្ឋមន្ត្រី Pedro Sanchez កាលពីថ្ងៃអាទិត្យក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់តំបន់នោះ។

អ្នកស្រុកបាននាំគ្នាស្រែកខ្លាំងៗថា “ឃាតក ឃាតក!” កំហឹងនេះបានឆេះឆួលឡើងពីព្រោះអ្នកស្រុកយល់ថាជាការ ដោយសារតែការជូនដំណឹងយឺតយ៉ាវពីអាជ្ញាធរអំពីគ្រោះថ្នាក់នៃទឹកជំនន់កាលពីថ្ងៃអង្គារ រួមទាំងការឆ្លើយតបយឺតយ៉ាវដោយសេវាសង្គ្រោះបន្ទាន់នៅពេលដែលគ្រោះមហន្តរាយបានកើតឡើង ទើបបណ្ដាលឱ្យប្រជាជនជាច្រើននាក់បានស្លាប់។

ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដ៏អាក្រក់បំផុតរបស់ប្រទេសក្នុងប្រវត្តិសាស្ត្រទំនើបបានកើនឡើងដល់ ២១៧ នាក់កាលពីថ្ងៃអាទិត្យ ដែលស្ទើរតែទាំងអស់នៅក្នុងតំបន់ Valencia។

បាតុករខ្លះកាលពីថ្ងៃអាទិត្យបានស្លៀកសម្លៀកបំពាក់ជាមួយនឹងនិមិត្តសញ្ញានៃអង្គការស្តាំនិយមដែលតែងតែធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលឆ្វេងនិយម។

រដ្ឋាភិបាលកណ្តាលបាននិយាយថា ការចេញសេចក្តីជូនដំណឹងដល់ប្រជាជន គឺជាការទទួលខុសត្រូវរបស់អាជ្ញាធរក្នុងតំបន់។ ប៉ុន្តែអាជ្ញាធរ Valencia បាននិយាយថា ពួកគេបានធ្វើសកម្មភាពឱ្យអស់ពីសមត្ថភាពជាមួយនឹងព័ត៌មានដែលមានសម្រាប់ពួកគេ។

មន្ត្រីបាននិយាយថាមនុស្សរាប់សិបនាក់នៅមិនទាន់បានរកឃើញនៅឡើយ​ ខណៈដែលផ្ទះប្រហែល ៣ពាន់គ្រួសារគ្មានអគ្គិសនីប្រើប្រាស់។ ទាហាន និងប៉ូលីសបន្ថែមរាប់ពាន់នាក់បានចូលរួមកិច្ចខិតខំប្រឹងប្រែងសង្គ្រោះគ្រោះមហន្តរាយកាលពីចុងសប្តាហ៍ក្នុងប្រតិបត្តិការសន្តិភាពដ៏ធំបំផុតនៅក្នុងប្រទេសអេស្ប៉ាញ។ ទឹកជំនន់បានលេបត្របាក់តាមដងផ្លូវ និងជាន់ក្រោមនៃអគារ ដោយបានបោកបក់យករថយន្ត និងបំណែកនៃកំរាលឥដ្ឋដោយជំនោរភក់។
សោកនាដកម្មនេះគឺជាគ្រោះមហន្តរាយដែលទាក់ទងនឹងទឹកជំនន់ដ៏អាក្រក់បំផុតរបស់អឺរ៉ុបនៅក្នុងប្រទេសតែមួយចាប់តាំងពីឆ្នាំ ១៩៦៧ នៅពេលដែលមនុស្សយ៉ាងហោចណាស់ប្រហែល ៥០០ នាក់បានស្លាប់នៅក្នុងប្រទេសព័រទុយហ្គាល់។

អ្នកវិទ្យាសាស្ត្រនិយាយថា ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរកំពុងកើតមានជាញឹកញាប់នៅក្នុងទ្វីបអឺរ៉ុប និងកន្លែងផ្សេងទៀត ដោយសារការប្រែប្រួលអាកាសធាតុ។ អ្នកឧតុនិយមគិតថា ការឡើងកំដៅនៃសមុទ្រមេឌីទែរ៉ាណេ ដែលបង្កើនការហួតទឹក ដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យភ្លៀងធ្លាក់ខ្លាំង។

ប្រភព៖ Reuters