|

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន លើកទឹកចិត្តឱ្យសិស្សនិស្សិតកម្ពុជាចូលរួមស្វែងយល់ពីឱកាសទៅបន្តការសិក្សានៅអឺរ៉ុបឱ្យបានច្រើន


ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន លើកទឹកចិត្តឱ្យសិស្សនិស្សិតកម្ពុជាចូលរួមស្វែងយល់ពីឱកាសទៅបន្តការសិក្សានៅអឺរ៉ុបឱ្យបានច្រើន

នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម អ៊ីហ្កូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីបើកសម្ពោធកម្មវិធី «ពិព័រណ៍សិក្សានៅអឺរ៉ុប» លើកទី៣ ដែលប្រព្រឹត្តទៅនៅ Factory ភ្នំពេញ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងសាកលវិទ្យាល័យជាច្រើនមកពីប្រទេសក្នុងសហភាពអឺរ៉ុប មាតាបិតា អ្នកអាណាព្យាបាល សិស្សនិស្សិត សាធារណៈជន ភ្ញៀវជាតិ និងអន្តរជាតិ ។

ពិព័រណ៍សិក្សានេះ ដែលប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ២៤-២៥ ខែតុលា ឆ្នាំ២០២៤ នឹងផ្តល់ឱកាសដល់សិស្សនិស្សិតស្វែងយល់ពីកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ឱកាសផ្លាស់ប្តូរការសិក្សា និងអាហារូបករណ៍ដែលផ្តល់ដោយគ្រឹះស្ថានឧត្តមសិក្សាជាច្រើនមកពីទូទាំងទ្វីបអឺរ៉ុប រួមមាន ប្រទេសបែលហ្សិក សាធារណរដ្ឋឆែក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ហុងគ្រី អៀរឡង់ អ៊ីតាលី ឡាតវី ប៉ូឡូញ រូម៉ានី ស្លូវ៉ាគី និងកម្មវិធី Erasmus+ របស់គណៈកម្មការអឺរ៉ុប។

លើកឡើងក្នុងឱកាសនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាបានឱ្យដឹងថា អឺរ៉ុបគឺជាគោលដៅបន្តការសិក្សាដ៏ពេញនិយមមួយដែលមានសាកលវិទ្យាល័យជាច្រើនផ្តល់ជូននូវការអប់រំកម្រិតខ្ពស់សមស្របនឹងតម្លៃ ផ្តល់សញ្ញាបត្រដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ និងការរស់នៅពោរពេញទៅដោយអរិយធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ និងភូមិសាស្ត្រដ៏ស្រស់ស្អាត។ ការទស្សនាពិព័រណ៍នេះ នឹងជួយឱ្យសិស្សនិស្សិត អ្នកអាណាព្យាបាលរបស់ពួកគេ អាចស្វែងយល់ពីឱកាសផ្សេងៗដែលសាកលវិទ្យាល័យអឺរ៉ុបផ្តល់ជូន ជាពិេសសគឺ ឱកាសទទួលបានអាហារូបករណ៍ទៅសិក្សានៅរដ្ឋជាច្រើននៅក្នុងសហភាពអឺរ៉ុប។

មានប្រសាសន៍ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណដល់សហភាពអឺរ៉ុប និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំព្រឹត្តិការណ៍ពិព័រណ៍សិក្សានៅអឺរ៉ុប ក្នុងរាជធានីភ្នំពេញនាពេលនេះ និងសូមលើកទឹកចិត្តឱ្យសិស្សនិស្សិតកម្ពុជាចូលរួមស្វែងយល់ពីឱកាសទៅបន្តការសិក្សានៅអឺរ៉ុបឱ្យបានច្រើន ដើម្បីសិក្សាជំនាញដែលខ្លួនស្រឡាញ់ ពង្រឹងសមត្ថភាព បង្កើនសក្តានុពល ឈោងចាប់អាជីពការងារក្នុងក្តីស្រមៃ និងកសាងអនាគតដ៏ភ្លឺស្វាង ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិកម្ពុជា ដោយគូសបញ្ជាក់ថា ការសិក្សានៅអឺរ៉ុប មិនត្រឹមតែទទួលបាននូវចំណេះដឹង និងបទពិសោធសម្បូរបែបប៉ុណ្ណោះទេ ថែមទាំងអាចស្វែងយល់ពីភាពចម្រុះនៃទ្វីប វប្បធម៌ និងរបៀបរស់នៅបែបអឺរ៉ុបផងដែរ ជាពិសេសគឺបែបផែននៃការរស់នៅដែលផ្សារភ្ជាប់គ្នាពីតំបន់មួយទៅតំបន់មួយ។

គួរបញ្ជាក់ដែរថា សហភាពអឺរ៉ុប គឺជាស្ថាប័នផ្ដល់ជំនួយហិរញ្ញប្បទានឥតសំណងធំបំផុតគាំទ្រដល់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ហើយរដ្ឋជាសមាជិកសហភាពអឺរ៉ុប បានវិនិយោគលើកិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់វិស័យអប់រំយ៉ាងច្រើននៅទូទាំងសកលលោក៕