សាកលវិទ្យាល័យក្រចេះ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ក្លាយជាម្ចាស់ជ័យលាភីឆ្នើមនៃកម្មវិធីយុវជន២១ ឆ្នាំ២០២៤


នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នាយកដ្ឋានអប់រំយុវជននិងកុមារ នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីបិទការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កម្មវិធីយុវជន២១ ក្រោមប្រធានបទ “Technopreneurship: The Start-up Seed” ក្រោមអធិបតីភាព ឯកឧត្ដម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

ឆ្លងកាត់ការបណ្តុះបណ្តាល ការប្រកួតប្រជែង និងការវិនិច្ឆ័យប្រកបដោយតម្លាភាព និងសុក្រឹត្រភាពរបស់គណៈកម្មការដាក់ពិន្ទុ កម្មវិធីយុវជន២១ ឆ្នាំ២០២៤ បានរកឃើញជ័យលាភីឆ្នើមចំនួន ០៣ក្រុម ដូចខាងក្រោម៖
១. សាកលវិទ្យាល័យក្រចេះ គម្រោង៖ “សេវាផ្គត់ផ្គង់ប្រព័ន្ធកសិវៃឆ្លាត Smart-Agritech” ដែលជាគម្រោងជំរុញលើកកម្ពស់ការគ្រប់គ្រងប្រព័ន្ធស្រោចស្រព និងការត្រួតពិនិត្យដំណាំកសិកម្មប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។
២. បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា គម្រោង៖ “វដ្ត-VOAT” គឺជាកម្មវិធីទូរសព្ទដៃតាមដានសុខភាពវដ្តរដូវដែលរចនាឡើងសម្រាប់ស្ត្រីកម្ពុជា មានមុខងារដ៏សម្បូរបែបជុំវិញការតាមដាន និងព្យាករណ៍វដ្តរដូវ ការគ្រប់គ្រងរោគសញ្ញា និងការទទួលបានចំណេះដឹងសំខាន់ៗអំពីសុខភាពបន្តពូជ។
៣. សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ គម្រោង៖ “Digital Khmer Education (Digi-KhEd)” ជាកម្មវិធី App បង្កើតឡើងដើម្បីចូលរួមពង្រឹងនូវវិស័យអប់រំ និងជួយសម្រួលដល់ការសិក្សាស្រាវជ្រាវរបស់សិស្ស-និស្សិតទាំងអស់ និងការធ្វើស្វ័យសិក្សាបានងាយស្រួលជាងមុន តាមរយៈការអានសៀវភៅអនឡាញ ការបង្កើតថ្នាក់រៀនអនឡាញ និងវីដេអូអប់រំខ្លីៗអនឡាញ។

ប្រភព៖ MoEYS