|

សម្ដេចតេជោ ហ៊ុន សែន៖ គ្មានប្រទេសណាមួយហ៊ានធ្វើទេ ព្រោះខ្លាចការសងសឹកពីក្រុមភេរវកម្ម ប៉ុន្តែកម្ពុជា ហ៊ានធ្វើ ក្រោមមូលហេតុថា កម្ពុជា ប្តេជ្ញាការពារឱ្យបាននូវសិទ្ធិរស់រានមានជីវិត


នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី ឡរ៉ែល អ៊ី មីលឺ (Laurel. E Miller) ប្រធាន និងជានាយកប្រតិបត្តិ មូលនិធិអាស៊ីថ្មី (The Asia Foundation) ចូលជូបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

នាឱកាសនោះ លោកស្រីប្រធានមូលនិធិអាស៊ី បានសម្តែងនូវការដឹងគុណ និងស្ញប់ស្ងែងជាទីបំផុតចំពោះការគាំទ្រ ព្រហ្មវិហារធម៌ និងទឹកចិត្តសប្បុរសសណ្តោសប្រណី របស់សម្តេចតេជោ ប្រមុខរដ្ឋស្តីទី ដែលបានជួយឱ្យបុគ្គលិកជនជាតិអាហ្វហ្កានីស្ថាន ដែលភៀសខ្លួនពីប្រទេសអាហ្វហ្កានីស្ថាន មកជ្រកកោនបណ្តោះអាសន្ននៅក្នុងទឹកដីកម្ពុជា រហូតមានទីស្នាក់អាស្រ័យថ្មីនៅក្នុងប្រទេសអូស្រ្តាលី ឬសហរដ្ឋអាមេរិក។ លោកស្រី តែងតែលើកពីគំរូវីរភាព និងកាយវិការសប្បុរសប្រកបដោយព្រហ្មវិហារធម៌ មិនងាយរកបាន របស់សម្តេចតេជោ ប្រាប់ទៅមេដឹកនាំរដ្ឋាភិបាលនៃបណ្តាប្រទេសក្នុងពិភពលោក ដែលគួរតែយកជាគំរូ ហើយមេដឹកនាំទាំងនោះ ក៏បានគោរពកោតសរសើរសម្តេចតេជោ ផងដែរ។

ជាការឆ្លើយតប សម្តេចតេជោ ប្រមុខរដ្ឋស្តីទី បានថ្លែងអំណរគុណចំពោះការលើកទឹកចិត្តដល់សម្តេច ពីសកម្មភាពសប្បុរសដែលសម្តេចតេជោ បានធ្វើកន្លងមក តាមរយៈការយល់ព្រមទទួលជនជាតិអាហ្វហ្កានីស្ថានភៀសខ្លួនពីសង្រ្គាម មកស្នាក់នៅបណ្តោះអាសន្នក្នុងប្រទេស។

សម្ដេចបានបន្តថា គ្មានប្រទេសណាមួយហ៊ានធ្វើទេ ព្រោះខ្លាចការសងសឹកពីក្រុមភេរវកម្ម ប៉ុន្តែកម្ពុជា ហ៊ានធ្វើ ក្រោមមូលហេតុថា កម្ពុជា ប្តេជ្ញាការពារឱ្យបាននូវសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិសំខាន់បំផុតរបស់មនុស្សជាតិ ហើយសម្តេចតេជោផ្ទាល់ ក៏ធ្លាប់ជាជនភៀសខ្លួនពីសង្រ្គាម និងការតាមសម្លាប់ពីរបបប៉ុលពត ទើបយល់ច្បាស់ពីអារម្មណ៍ត្រូវការគេជួយរបស់ជនភៀសខ្លួនទាំងនោះ។

សកម្មភាពមនុស្សធម៌មួយទៀតរបស់សម្តេចតេជោ គឺការសម្រេចភ្លាមៗអនុញ្ញាតឱ្យនាវា Westerdam ដែលមានអ្នកដំណើរជាង២០០០នាក់កំពុងប្រឈមពីការខ្វះស្បៀង ទឹក និងប្រេង ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ក្នុងដំណាក់កាលជំងឺកូវីដ១៩វាយលុកខ្លាំង បន្ទាប់ពីនាវានេះ ត្រូវបានប្រទេសចំនួន ៦ បដិសេធមិនឱ្យចូលចត។ សម្រាប់សម្តេចតេជោ ការជួយជីវិតមនុស្ស គឺសំខាន់ជាងការព្រួយបារម្ភនានា ហើយពេលនោះ សម្តេចតេជោ បានទៅទទួល និងចាប់ដៃអ្នកដំណើរជាង ២០០ នាក់ ពីនាវា Westerdam កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។

ជាមួយគ្នានេះដែរ សម្តេចតេជោ ប្រមុខរដ្ឋស្តីទី មានប្រសាសន៍ថា សម្តេចរីករាយក្នុងការបន្តគាំទ្រដំណើរការរបស់មូលនិធិអាស៊ីនៅកម្ពុជា និងសូមជូនពរលោកស្រីប្រធាន ទទួលបានជោគជ័យជាផ្លែផ្កាសម្រាប់ជំនួបជាមួយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៅថ្ងៃស្អែក និងសម្រាប់បេសកកម្មការងាររបស់លោកស្រី នៅកម្ពុជាផងដែរ៕

ប្រភព៖ SHS