ឯកឧត្តមបណ្ឌិត សោម រតនា៖ មើលអនាគតប្រទេសមួយ ត្រូវមើលដំបូងលើការយកចិត្តទុកដាក់លើគុណភាពអប់រំរបស់ប្រទេសនោះ
ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានឧត្តមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយបណ្ដាញសាកលវិទ្យាល័យអាស៊ាន (AUN) បានរៀបចំវគ្គបណ្តុះបណ្ដាលស្ដីពី AUN-QA (ASEAN University Network-Quality Assurance) សម្រាប់ការវាយតម្លៃកម្មវិធីអប់រំ (កម្រិត១) ជំនាន់២ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីមកពីអគ្គនាយកដ្ឋានឧត្តមសិក្សា សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យស្វាយរៀង ព្រមទាំងមានការចូលរួមជាអ្នកសង្កេតការណ៍ (Observers) មកពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា និងធនាគារពិភពលោកប្រចាំកម្ពុជា នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត សោម រតនា បានមានប្រសាសន៍ថា ក្នុងអាណត្តិទាំងប្រាំពីររបស់រាជរដ្ឋាភិបាលកម្ពុជា (RGC) វិស័យអប់រំនៅតែជាវិស័យអាទិភាពសម្រាប់ការធ្វើពិពិធកម្មសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ភាពធន់ និងដើម្បីសម្រេចបានតាមចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៥០។ ក្នុងនោះ វិស័យឧត្តមសិក្សាមានតួនាទីសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងនេះ។
ឯកឧត្តមបណ្ឌិតបានបន្តថា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ឧត្តមសិក្សានៅកម្ពុជាបានបោះជំហានគួរឱ្យកត់សម្គាល់ក្នុងការលើកកម្ពស់គុណភាព និងភាពពាក់ព័ន្ធនៃកម្មវិធីសិក្សា។ សមិទ្ធិផលទាំងនេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាពរបស់ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ជាមួយនឹងការគាំទ្រដ៏មានតម្លៃពីរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍។ ឯកឧត្តមបណ្ឌិត ក៏បានធ្វើការគូសបញ្ជាក់ផងដែរថា មើលអនាគតប្រទេសមួយ ត្រូវមើលដំបូងលើការយកចិត្តទុកដាក់លើគុណភាពអប់រំរបស់ប្រទេសនោះ។
គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណង៖ ១. អភិវឌ្ឍសមត្ថភាពគ្រឹះស្ថានឧត្តមសិក្សាក្នុងការវាយតម្លៃដោយខ្លួនឯងលើកម្មវិធីសិក្សា និងការរៀបចំរបាយការណ៍ស្វ័យវាយតម្លៃកម្រិតកម្មវិធីសម្រាប់ដាក់សំណើសុំការវាយតម្លៃពី AUN-QA ដើម្បីបានការទទួលស្គាល់គុណភាពនៃស្ដង់ដាកម្រិតតំបន់អាស៊ាន និង ២. កសាងសមត្ថភាពអគ្គនាយកដ្ឋានឧត្តមសិក្សាដើម្បីជួយគាំទ្រដល់គ្រឹះស្ថានឧត្តមសិក្សាក្នុងការអនុវត្តប្រព័ន្ធធានាគុណភាពអប់រំផ្ទៃក្នុងឱ្យមានប្រសិទ្ធភាពដើម្បីធានាបាននូវការផលិតធនធានមនុស្សមានគុណភាពកម្រិតជាតិ តំបន់ និងអន្តរជាតិ ។ នេះជាចំណុចចាប់ផ្តើមដ៏សំខាន់ក្នុងកិច្ចសហការភាពជាដៃគូជាមួយ AUN ដើម្បីនាំឧត្តមសិក្សាកម្ពុជាទៅកាន់កម្រិតបន្ទាប់មួយទៀត៕