|

អ្វីខ្លះជាការងារស្នូលរបស់ សសយក ក្នុងបរិបទកូវីដ-១៩?


ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានី-ខេត្ត បាន និងកំពុងចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងវាយលុកខ្លាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន។

ក្រុមការងារសសយក ជានិច្ចជាកាល តែងត្រូវបានគេមើលឃើញថា បានផ្ដល់ការគាំទ្រគ្រប់រូបភាពក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ-១៩។ ជាក់ស្ដែង ក្រោយមានការប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំទូទាំងប្រទេស ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសម្ព័ន្ធគ្រូពេទ្យ សសយក និងក្រុមគ្រូពេទ្យ លោក ហ៊ុន ម៉ានី បានប្រកាសស្ម័គ្រចិត្តចូលរួមក្នុងបេសកកម្មនេះជាមួយរដ្ឋាភិបាល ដើម្បីអាចសម្រេចបានផែនការ «ចាក់វ៉ាក់សាំង១លានដូស ក្នុងរយៈពេល១ខែ» ដាក់ចេញដោយ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ជាមួយគ្នានេះ ក្រុមការងារសសយក រាជធានី-ខេត្ត បាន និងកំពុងបន្តចូលរួមផ្សព្វផ្សាយវិធានការសុខាភិបាលដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីធ្វើយ៉ាងណាធានាបានថា ពលរដ្ឋបានយល់ដឹង និងអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលបានត្រឹមត្រូវ។ ហើយកាលពីពេលថ្មីៗនេះ សមាជិក សមាជិកា សសយក ខេត្តបាត់ដំបង ប៉ៃលិន កំពង់ធំ និងមណ្ឌលគិរី បាននាំយកស្បៀងអាហារចំបាច់ជូនដល់អ្នកកំពុងធ្វើចត្តាឡីស័ក និងបាននាំយកនូវអំណោយជូនកងកម្លាំងសមត្ថកិច្ចដែលកំពុងបំពេញភារកិច្ចនៅតាមមណ្ឌលចត្តាឡីស័កក្នុងមូលដ្ឋានរបស់ខ្លួន។

គួរកត់សម្គាល់ដែរថា បច្ចុប្បន្ន ជំងឺកូវីដ-១៩ កំពុងបន្តការគម្រាមដល់សុខភាពសាធារណៈ និងសេដ្ឋកិច្ចប្រទេសកម្ពុជាយ៉ាងធ្ងន់ធ្ងរ។ ដោយគិតត្រឹមថ្ងៃទី១ ខែមេសា កម្ពុជាមានអ្នកឆ្លងកូវីដសរុប ២៥៤៦នាក់ និងមានករណីស្លាប់១៨ករណី។

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ធ្លាប់បានលើកឡើងនៅលើគេហទំព័រហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា៖«ក្នុងដំណាក់កាលដ៏សំខាន់នេះ កម្ពុជាត្រូវការកម្លាំងរបស់ពលរដ្ឋខ្មែរគ្រប់រូប ដើម្បីឆ្លងផុតវិបត្តិកូវីដ-១៩ នេះ។ យើងត្រូវការ ការចូលរួមរបស់អ្នកទាំងអស់គ្នា ដើម្បីយកឈ្នះជំងឺដ៏កាចសាហវមួយនេះ។ សូមបងប្អូនបន្តនូវស្មារតី រួបរួមគ្នាជាមួយរដ្ឋាភិបាល និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។»៕

ដោយ៖ ង៉ាយ ណៃ