ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ការអប់រំ គឺជាការវិនិយោគរយៈពេលយូរ ដែលអាចជួយឱ្យប្រជាជនកម្ពុជាចាកផុតពីភាពក្រីក្រ
ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការអប់រំ គឺជាការវិនិយោគរយៈពេលយូរ ដែលអាចជួយឱ្យប្រជាជនកម្ពុជាចាកផុតពីភាពក្រីក្រ និងមានសមត្ថភាពចូលរួមពន្លឿនការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន តួយ៉ាងគរុសិស្សប្រមាណ ៧៥% ជាកូនអ្នកស្រែចម្ការមកពីស្រុកភូមិដាច់ស្រយាល ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ ហើយប្រឡងជាប់ធ្វើគ្រូ ដែលខ្លះបានបន្តការសិក្សានៅទីក្រុងភ្នំពេញ និងខ្លះទៀតក៏បានទៅរៀនបន្តនៅបរទេស បាននាំមកនូវកិត្តិយស និងមោទនភាពជូនក្រុមគ្រួសារ និងសង្គមជាតិ។ ដូច្នេះការពង្រឹងវិស័យអប់រំ គឺជាគន្លឹះនៃការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយចីរភាព ដែលទាមទារនូវការចូលរួមចំណែករបស់ប្រជាពលរដ្ឋដែលមាន ជំនាញវិជ្ជាជីវៈច្បាស់លាស់ កសិករឆ្លាតវៃ អ្នកឯកទេសខាងផ្នែកឧស្សាហកម្ម និងពាណិជ្ជកម្មជាដើម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តថា ដើម្បីធ្វើទំនើបកម្មសេដ្ឋកិច្ច កម្ពុជាត្រូវការមូលធនមនុស្សដែលមានជំនាញខ្ពស់ ដូច្នេះហើយសម្តេចធិបតី ដាក់ចេញនូវ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដោយបានកំណត់អាទិភាពចំនួន ៥ គឺ : មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ដែលក្នុងនោះ មុំទី១ គឺការអភិវឌ្ឍធនធានមនុស្ស ដែលសំដៅ ទៅលើការលើកកម្ពស់នៃគុណភាពអប់រំ ការបង្រៀន និងរៀនខាងផ្នែកវិទ្យាសាស្រ្តបច្ចេកវិទ្យា និង មុំទី ៥ គឺការបង្កើតនូវសង្គម និងសេដ្ឋកិច្ចឌីជីថល ដែលផ្តោតទៅលើការប្រើប្រាស់បច្ចេកវិទ្យា។
រាជរដ្ឋាភិបាលតាមរយៈក្រសួងអប់រំ យុវជន បាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការលើកកម្ពស់គ្រូបង្រៀន ដោយបានរៀបចំកែលម្អផែនការសកម្មភាពគោលនយោបាយគ្រូបង្រៀន តម្លើងប្រាក់បៀវត្សគ្រូបង្រៀន ពង្រឹងគុណវុឌ្ឍិគ្រូ ក៏ដូចជាសាងសង់អគារសិក្សាស្តង់ដា ពិនិត្យឡើងវិញកម្មវិធីសិក្សា និងសៀវភៅគោល ធ្វើអភិបាលកិច្ចសាលារៀន និងធ្វើកំណែទម្រង់ឧត្តមសិក្សា។
ក្នុងបុព្វហេតុ ពង្រឹងគុណភាពអប់រំនេះដែរ ក្រសួងបានដាក់ឱ្យអនុវត្តស្តង់ដាសាលារៀនគំរូចំនួន ៥ សម្រាប់មត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា (ស្តង់ដាទី១)៖ លទ្ធផលសិក្សាសិស្ស (ស្តង់ដាទី២)៖ ការបង្រៀននិងរៀន (ស្តង់ដាទី៣)៖ ការចូលរួមរបស់សហគមន៍ (ស្តង់ដាទី៤)៖ ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន (ស្តង់ដាទី៥) ៖ គណនេយ្យភាពរបស់សាលារៀន។ ទន្ទឹមនេះដែល ក្រសួងនឹងបន្តជំរុញលើកទឹកចិត្ត សាលារៀនទាំងអស់ទូទាំងប្រទែសឱ្យប្រឡងប្រជែងគ្នាដើម្បីសម្រេចស្តង់ដាប្រែក្លាយជាសាលារៀនគំរូ។ តាមរយៈការអនុវត្តស្តង់ដាសាលាគំរូនេះ ក្រសួងជឿជាក់ថានឹងអាចលើកកម្ពស់គុណភាពអប់រំ និងលទ្ធផលសិក្សាសិស្ស ក៏ដូចជាសម្រេចបានគោលដៅដែលចង់ឱ្យគ្រូបង្រៀននៅកម្ពុជាមានតម្លៃ និងកិត្តិយស ព្រមទាំងទទួលបាននូវការគោរពក្នុងសង្គម។
ជាកិច្ចបញ្ចប់ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ អភិបាលនៃគណៈអភិបាលខេត្ត អាជ្ញាធរខេត្តគ្រប់កម្រិតដែលបានជួយគាំទ្រ និងប្តេជ្ញាចិត្តក្នុងការចូលរួមអនុវត្តផែនការសកម្មភាពអាទិភាពរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា និងផ្តល់អនុសាសន៍ឱ្យគណៈគ្រប់គ្រងសាលារៀន បុគ្គលិកអប់រំ លោកគ្រូអ្នកគ្រូទាំងអស់ បន្ត ពង្រឹងសមត្ថភាព និងស្វែងយល់បន្ថែមពីសូចនាករស្តង់ដាសាលារៀនគំរូ ដើម្បីជំរុញការអនុវត្តឱ្យទទួលបាន នូវលទ្ធផលកាន់តែល្អ ប្រសើរ ៕
ប្រភព៖ MOEYS