សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា និងហ្វីលីពីនត្រូវតែទាញយកសក្តានុពលសេដ្ឋកិច្ចពីកិច្ចព្រមព្រៀងសំខាន់ៗចំនួន ២ ខណៈពិភពលោកកំពុងជួបប្រទះវិបត្តិស្មុគ្រស្មាញ និងគ្រោះថ្នាក់
ការគូសបញ្ជាក់បែបនេះត្រូវបានធ្វើឡើងក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ផ្លេរីដា អែន ខាំមែល ភីម៉ាយយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
នាឱកាសនោះ សម្តេច មានប្រសាសន៍បន្តថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងហ្វីលីពីន នឹងត្រូវបានពង្រឹងពង្រីកបន្ថែមទៀតក្រោមការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីអាណត្តិទី៧នេះ។ សម្ដេចបានចាត់ទុកថា ទោះបីជាមានការផ្លាស់ប្ដូរប្រមុខដឹកនាំរាជដ្ឋាភិបាលនៅកម្ពុជា ដោយសម្ដេចបានចាកចេញពីនាយករដ្ឋមន្ត្រីទៅជាប្រធានព្រឹទ្ធសភាក៏ដោយ ក៏កម្ពុជាពុំមានការផ្លាស់ប្ដូរក្នុងគោលនយោបាយការបរទេសរបស់ខ្លួន ជាពិសេសក្នុងទំនាក់ទំនងជាមួយនឹងហ្វីលីពីននោះទេ។
សម្ដេចបានធ្វើការកត់សម្គាល់ថាយើងមានសក្តានុពលច្រើនដែលត្រូវពិនិត្យរួមគ្នា ប្រើប្រាស់ ដើម្បីផលប្រយោជន៍និងការរីកចម្រើននៃប្រទេសទាំងពីរ។ សម្តេចតេជោបានបង្ហាញនូវសេចក្តីរីករាយ ចំពោះពាណិជ្ជកម្មទ្វេភាគី ដែលកន្លងមកហ្វីលីពីន បាន នាំចូល អង្ករកម្ពុជា។ សម្តេច បានស្វាគមន៍រាល់ការវិនិយោគរបស់ក្រុមហ៊ុនហ្វីលីពីននៅកម្ពុជា សម្ដេចបានផ្ដល់អនុសាសន៍ថាហ្វីលីពីនគួរតែពិនិត្យនិងច្បាមយកឱកាសវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យផលិតស្រូវអង្ករ ដោយវិនិយោគិនពីហ្វីលីពីនអាចមកបណ្ដាក់ទុន 100% នៅកម្ពុជា រៀបចំជាយន្តការប្រមូលទិញស្រូវ ម៉ាស៊ីនកិនស្រូវ វេចខ្ចប់ ស្តុក ហើយនិងនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីន ក៏ដូចជានៅទៅកាន់បណ្ដាប្រទេសផ្សេងទៀត។
សម្តេចតេជោបានសង្កត់ធ្ងន់ថា កម្ពុជា និងហ្វីលីពីនត្រូវតែទាញយកសក្តានុពលសេដ្ឋកិច្ចពីកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន(AFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (RCEP) ខណៈពិភពលោកកំពុងជួបប្រទះវិបត្តិស្មុគ្រស្មាញ និងគ្រោះថ្នាក់។ សម្ដេចតេជោបានសង្កេតឃើញថាក្នុងពេលដែលជំងឺកូវីត-១៩ បានរាតត្បាត ទំនាក់ទំនងពាណិជ្ជកម្មរវាងបណ្ដាប្រទេសអាស៊ានក្នុងក្របខណ្ឌ AFTA មានការរីកចម្រើនខ្លាំងក្លា ជាពិសេស នៅក្នុងវិស័យសន្តិសុខស្បៀងនិងថាមពល៕
ប្រភព៖ SHS