សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យក្រសួងពាក់ព័ន្ធរៀបចំផ្ដល់ប្រាក់ឧបត្ថម្ភដល់ស្រ្តីពពោះដែលជាប់ពន្ធនាគារ
នេះជាការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគារអន្តេវេសិកដ្ឋានគ្រូ នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។
សម្ដេចធិបតី បានស្នើឱ្យឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម ជា សុមេធិ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសប្បទា គិតគូទៅលើការផ្ដល់ប្រាក់ឧបត្ថម្ភដល់ដល់ពិរុទ្ធជនដែលកំពុងមានផ្ទៃពោះ ឱ្យដូចទៅនឹងមន្ត្រីរាជការ និងកម្មការនីរោងចក្រដែរ។
សម្ដេចធិបតី បានបញ្ជាក់ថា នេះជាការងារមនុស្សធម៌។ ថ្វីដ្បិតតែម្ដាយធ្វើខុស ជាពិរុទ្ធជន តែកូននៅក្នុងផ្ទៃមិនបានធ្វើខុសនោះទេ។ ដូច្នេះ ក្មេងត្រូវទទួលបានអត្ថប្រយោជន៍ផ្សេងៗដូចក្មេងដទៃដែរ។
គួរបញ្ជាក់ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆាំ្ន ក្នុងអត្រាឧបត្ថម្ភថ្មី សម្រាប់ស្រ្តីនៃគ្រួសារមានបណ្ណសមធម៌ ចាប់អនុវត្តកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ដោយផ្ដល់ជូនក្នុងអំឡុងពេលស្ត្រីមានផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាល រហូតដល់កូនមានអាយុ ២ ឆ្នាំ។ ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដែលមានប័ណ្ណមូលធិនិសមធម៌ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល(អត្រាថ្មី) ដោយការពិនិត្យផ្ទៃពោះថែទាំមុនសម្រាលចំនួន៤លើក (ទទួលបានប្រាក់ឧបត្ថម្ភចំនួន៨ម៉ឺនរៀល ក្នុង១លើក) និងសម្រាលកូន (នៅមូលដ្ឋានសុខាភិបាលសាធារណៈ) ទទួលបានការឧបត្ថម្ភ៖ ចំពោះកូនទោល ទទួលបាន ថវិកា ៤០ម៉ឺន ចំពោះកូនភ្លោះ ទទួលបាន ថវិកា ៦០ម៉ឺន ចំពោះកូនភ្លោះបី ទទួលបាន ថវិកា ៨០ម៉ឺន ការថែទាំក្រោយសំរាលទាំងម្ដាយ និងកូនចំនួន៣លើក (ទទួលបានប្រាក់ឧបត្ថម្ភចំនួ៨ម៉ឺនក្នុង១លើក) និងការថែទាំទារករហូតដល់អាយុ២ឆ្នាំ ចំនួន៧លើក (ទទួលបានប្រាក់ឧបត្ថម្ភចំនួន៨ម៉ឺនក្នុង១លើក)៕