|

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ “គុណភាពអប់រំ គឺជាអនាគតររបស់ប្រទេសជាតិ”


នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញចូលរួមជាអធិបតីក្នុងពិធី “ពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ-ទុតិយភូមិ និងពានរង្វាន់ បណ្ណសរសើរ លិខិតសរសើរ បញ្ចប់ឆ្នាំសិក្សា ២០២៣-២០២៤ នៃសាលាអាមេរិកាំងហ្គោលឌិនហ្គេត” ដល់សិស្សចំនួន ១៧២ នាក់ និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ គណៈគ្រប់គ្រងសាលា នាយក នាយិកា លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល លោក លោកស្រី និងសិស្សានុសិស្ស។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរជាមួយ សិស្សានុសិស្សទាំងអស់ ដែលបានខិតខំរៀនសូត្ររហូតបញ្ចប់ការសិក្សាដោយជោគជ័យសម្រេចក្តីស្រមៃ ក៏ដូចជាចូលរួមអបអរសាទរសិស្សនុសិស្សដែលទទួលបានពានរង្វាន់ បណ្ណសរសើរ និងលិខិតសរសើរសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ផងដែរ ដោយគូសរំលេចថា លទ្ធផលថ្ងៃនេះ បាននាំមកនូវកិត្តិយស មោទនភាព ក្តីរំភើបរីករាយ និងស្នាមញញឹម ជូនក្រុមគ្រួសារ និងលើកទឹកឱ្យបន្តខិតខំរៀនសូត្រ ត្រង់ត្រាប់ស្តាប់ការទូន្មានរបស់ឪពុកម្តាយ ក៏ដូចជាលោកគ្រូ អ្នកគ្រូជាប់ជានិច្ច ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អប្រកបដោយសក្តានុពលសម្រាប់ជាសសរទ្រូងដ៏រឹងមាំក្នុងការអភិវឌ្ឍ និងការពារប្រទេសជាតិ។

ការសិក្សារៀនសូត្រ នៅក្នុងសតវត្សទី ២១ គឺមិនត្រឹមតែផ្តល់នូវចំណេះដឹងដ៏ទូលំទូលាយទេ គឺត្រូវតែមានបំណិនសតវត្សរ៍ទី២១ ដែលជាបំណិនត្រិះរិះពិចារណា ដោះស្រាយបញ្ហា ធ្វើការងារជាក្រុម នវានុវត្តន៍ បំណិនបង្កើតថ្មី សហគ្រិនភាព ពិសេសក្នុងយុគសម័យបច្ចេកវិទ្យា ដែលរីកចម្រើនយ៉ាងឆាប់រហ័សនេះ ទាមទារចាំបាច់ត្រូវចេះប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយភាពឆ្លាតវៃដើម្បីកសាងអនាគត និងចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចក្រុមគ្រួសារ និងសង្គមជាតិឱ្យរីកចម្រើនយ៉ាងឆាប់រហ័ស។

“គុណភាពអប់រំ គឺជាអនាគតររបស់ប្រទេសជាតិ” ក្នុងន័យនេះ ក្រសួងអប់រំបាន និងកំពុងយកចិត្តទុកដាក់ចំពោះការលើកកម្ពស់គុណភាពអប់រំចាប់ពីកម្រិតកុមារតូច រហូតដល់ឧត្តមសិក្សា ដោយបណ្តុះកុមារឱ្យទទួលបានបំណិនសង្គម ចេះទំនាក់ទំនង និងត្រៀមខ្លួនបានល្អសម្រាប់ការសិក្សារៀនសូត្រនៅបឋមសិក្សា ដែលផ្តោតលើការពង្រឹងមូលដ្ឋានគ្រឹះចំណេះដឹង ផ្នែកអក្ខរកម្ម និងគណិតវិទ្យា វិទ្យាសាស្ត្រសង្គម ឈានទៅទទួលជោគជ័យនៅមធ្យមសិក្សា ដោយផ្តោតលើការបណ្តុះនូវបំណិនសតវត្សទី២១ ជួយកសាងគ្រឹះឱ្យរឹងមាំ សម្រាប់ការចាប់យកជំនាញនៅឧត្តមសិក្សា ឆ្ពោះទៅកសាងអាជីព និងអនាគតមួយដ៏ភ្លឺស្វាង។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ ជាពិសេសឪពុកម្តាយ អ្នកអាណាព្យាបាល សហគមន៍ និងដៃគូពាក់ព័ន្ធទាំងអស់ ដែលជាភ្នាក់ងារនៃការផ្លាស់ប្តូរដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា តាមរយៈការផ្តល់ចំណេះដឹង ការលើកទឹកចិត្ត ជួយគាំទ្រដល់ការអភិវឌ្ឍចំណេះដឹង និងអប់រំសីលធម៌ ដើម្បីអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព ដែលជាការងារអាទិភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងចំណូលខ្ពស់ក្នុងឆ្នាំ២០៥០៕

ប្រភព៖ MoEYS