|

រដ្ឋមន្ត្រីក្រសួងអប់រំ៖ គ្រប់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ចាំបាច់ត្រូវរៀបចំផែនការតម្រូវការអគារសិក្សា ផែនការតម្រូវការគ្រូបង្រៀន និងផែនការប្រែក្លាយសាលារៀនជាសាលារៀនគំរូ


នេះជាប្រសាសន៍ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសដែលឯកឧត្តមបណ្ឌិតសភាចារ្យ បានអញ្ជើញជួបសំណោះសំណាលជាមួយបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកឡើងថា នៅក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពទី១ ដើម្បីធ្វើឱ្យកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា កាន់តែមានភាពល្អប្រសើរ ការសម្រួចអាទិភាពកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានគន្លឹះចំនួន ៤ រួមមាន៖ (១). អភិបាលកិច្ចសាលារៀន (២). សកម្មភាពក្រៅម៉ោងសិក្សា សម្រាប់អប់រំសីលធម៌ និងចរិយាធម៌ (៣). សុខភាពសិក្សា និង(៤). ភាពជាដៃគូរដ្ឋ សហគមន៍ ដើម្បីការអប់រំ។

ដើម្បីឆ្លើយតបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងបានដាក់ឱ្យអនុវត្តស្តង់ដាសាលារៀនគំរូ ចាប់ពីមត្តេយ្យសិក្សាដល់មធ្យមសិក្សា ដែលក្នុងនោះមាន ៥ស្តង់ដា រួមមាន (១) .លទ្ធផលសិក្សារបស់សិស្ស (២).ការបង្រៀន និងរៀន (៣).ការចូលរួមរបស់សហគមន៍ (៤).ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន (៥) គណនេយ្យភាពសាលារៀន។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្ដី បានលើកឡើងថា គ្រប់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ចាំបាច់ត្រូវរៀបចំផែនការតម្រូវការអគារសិក្សា ផែនការតម្រូវការគ្រូបង្រៀន និងផែនការប្រែក្លាយសាលារៀនជាសាលារៀនគំរូ បន្ថែមពីនេះអ្នកជំនាញរបស់ក្រសួង និងមន្ទីរ ត្រូវរៀបចំយន្តការចុះគាំទ្រការអនុវត្តសូចនាករនៃស្តង់ដាសាលារៀនគំរូ ចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់វិទ្យាល័យ ព្រោះការចុះគាំទ្រនេះមានសារៈសំខាន់ណាស់ ដើម្បីលើកទឹកចិត្ត និងពង្រឹងសមត្ថភាពគណៈគ្រប់គ្រងសាលា គ្រូបង្រៀន និងលើកកម្ពស់ការចូលរួមរបស់មាតាបិតា និងសហគមន៍។ មន្ទីរត្រូវបន្តផ្តល់ជូនគោលការណ៍ណែនាំប្រតិបត្តិស្តីពីស្តង់ដាសាលារៀនគំរូ ដល់សាលារៀន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ មិនត្រឹមតែប៉ុណ្ណោះត្រូវពង្រឹងចលនាប្រឡងប្រណាំង នាយកសាលាល្អ គ្រូបង្រៀនល្អ សាលារៀនស្អាត។ ចំពោះនាយកសាលាល្អ គ្រូបង្រៀនល្អដែលទទួលពានរង្វាន់ ក្រសួងនឹងបន្ដលើកទឹកចិត្តឱ្យខិតខំបន្ថែមទៀត ដើម្បីក្លាយជានាយក គ្រូបង្រៀនឈានមុខ និងបន្តទទួលបានឋានៈជានាយក គ្រូបង្រៀនឆ្នើម។

ប្រភព៖ MoEYS