|

ការប្រគំតន្ត្រីរបស់ Taylor Swift ជំរុញឱ្យមនុស្សគ្មានផ្ទះសម្បែងជាច្រើនត្រូវបញ្ជូនចេញពីទីក្រុង Edinburgh ហើយត្រូវបានគេរិះគន់ថាជារឿងអយុត្តិធម៌បំផុត!


អង្គការសប្បុរសធម៌លំនៅឋានបាននិយាយថា វាជារឿងអយុត្តិធម៌បំផុតសម្រាប់អ្នកគ្មានផ្ទះសម្បែងក្នុងការប្រកួតប្រជែងដោយផ្ទាល់ជាមួយអ្នកទេសចរ។ ក្រុមប្រឹក្សាក្រុង Edinburgh បាននិយាយថា ខ្លួនកំពុងធ្វើការជាមួយគ្រួសារដែលរងផលប៉ះពាល់ ដើម្បីស្វែងរក “កន្លែងស្នាក់នៅសមរម្យដល់ពួកគេ។

ការប្រគំតន្ត្រីរបសើ Taylor Swift នឹងប្រព្រឹត្តទៅបីយប់នៅកីឡដ្ឋាន Murrayfield ក្នុងទីក្រុង Edinburgh ពីថ្ងៃទី៧ ដល់ ទី៩ ខែមិថុនា។ អ្នកគាំទ្ររាប់សែននាក់គ្រោងនឹងសម្រុកចូលទីក្រុងនេះ ដែលនឹងបណ្ដាលឱ្យបន្ទប់សណ្ឋាគារទាំងអស់ពេញ។

អង្គការសប្បុរសធម៌លំនៅដ្ឋានបាននិយាយថា មនុស្សដែលគ្មានផ្ទះសម្បែងនៅ Edinburgh ជាធម្មតានឹងត្រូវបានផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្នដូចជាសណ្ឋាគារជាដើម ប៉ុន្តែពួកគេត្រូវបានបញ្ជូនចេញពីទីក្រុងដោយសារតែកង្វះខាតកន្លែងស្នាក់នៅយ៉ាងខ្លាំងដែលបណ្តាលមកពីអ្នកគាំទ្រដែលសម្រុកមកចូលរួមការប្រគុំតន្ត្រី។

តាមមានកាតព្វកិច្ចផ្លូវច្បាប់សម្រាប់មនុស្សដែលគ្មានផ្ទះសម្បែងនៅប្រទេសស្កុតឡេន នឹងត្រូវបានផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្នក្នុងគ្រាអាសន្ន ដែលអាចជាសណ្ឋសគារមួយចំនួន។ ក្រុមប្រឹក្សាបានប្រកាសភាពអាសន្នផ្នែកលំនៅឋានកាលពីខែវិច្ឆិកាឆ្នាំមុន ដោយលើកឡើងពីតួលេខអ្នកគ្មានផ្ទះសម្បែង កង្វះខាតផ្ទះជួលក្នុងសង្គម និងការកើនឡើងថ្លៃជួលឯកជន។ ពួកគេបាននិយាយថា ការប្រើប្រាស់កន្លែងស្នាក់នៅរបស់គ្រួសារដែលគ្មានផ្ទះសម្បែង ឱ្យទៅភ្ញៀវទេសចរគឺជារោគសញ្ញានៃភាពអាសន្ននៃលំនៅដ្ឋាននោះ។

កាលពីដើមខែនេះ រដ្ឋាភិបាលស្កុតឡេនក៏បានប្រកាសអាសន្នលំនៅដ្ឋានថ្នាក់ជាតិផងដែរ បន្ទាប់ពីមានសម្ពាធពីអ្នកធ្វើយុទ្ធនាការ និងគណបក្សប្រឆាំង។ នាយក Shelter Scotland លោក Alison Watson បាននិយាយថាស្ថានភាពនៅ Edinburgh គឺជាភស្តុតាងបន្ថែមទៀតនៃភាពបន្ទាន់នៃភាពអាសន្ននៃលំនៅដ្ឋានរបស់ប្រទេស។ លោកបានលើកឡើងថា “នៅ Edinburgh គ្រាអាសន្នពេលនេះបានធ្វើឱ្យមនុស្សគ្មានផ្ទះសម្បែងជួបប្រទះនឹងការប្រកួតប្រជែងដោយផ្ទាល់ជាមួយអ្នកទេសចរ ដែលលោកចាត់ទុកថាថា ជាអំពើអយុត្តិធម៌ដ៏សាហាវយង់ឃ្នង។ លោកបន្តថា “គ្រួសារដែលរងផលប៉ះពាល់ដោយសារភាពគ្មានផ្ទះសម្បែងនៅ Edinburgh មិនគួរត្រូវផ្លាស់ទីពីការងារ សាលារៀន និងសហគមន៍របស់ពួកគេដើម្បីស្វែងរកកន្លែងស្នាក់នៅនោះទេ។ “

លោកស្រី Watson បាននិយាយថា ត្រូវការការឆ្លើយតបផ្សេងពីរដ្ឋាភិបាលស្កុតឡេន។ នាងបានបន្ថែមថា បើគ្មានការផ្លាស់ប្តូរបញ្ហានេះអាចត្រូវបាន គេរំពឹងថានឹងកើតឡើងម្ដងទៀតក្នុងអំឡុងពេលពិធីបុណ្យ Fringe របស់ទីក្រុងក្នុងខែសីហា។

ដោយឡែក ក្រុមប្រឹក្សាក្រុង Edinburgh បាននិយាយថា វាមិនមែនជារឿង “ដាច់ខាត” ដែលត្រូវការផ្លាស់ទីអ្នកជួលចេញពីកន្លែងស្នាក់នៅបណ្តោះអាសន្ន ដើម្បីបើកផ្លូវសម្រាប់អ្នកគាំទ្រ Taylor Swift ។ ទោះជាយ៉ាងណាក៏ដោយ អ្នកប្រឹក្សាលំនៅដ្ឋានរបស់ខ្លួន Jane Meagher បាននិយាយថា “វាគឺជារោគសញ្ញានៃភាពអាសន្ននៃលំនៅដ្ឋានដែលយើងប្រឈមមុខនៅក្នុងទីក្រុង Edinburgh ដែលពេលខ្លះយើងត្រូវប្រើប្រាស់កន្លែងស្នាក់នៅសម្រាប់ភ្ញៀវទេសចរទៅកាន់គ្រួសារដែលគ្មានផ្ទះសម្បែង។ “យើងដឹងពីស្ថានភាព ហើយកំពុងធ្វើការជាមួយគ្រួសារដែលរងផលប៉ះពាល់ ដើម្បីស្វែងរកកន្លែងស្នាក់នៅសមរម្យ និងជំនួស”។

ប្រភព៖ BBC