តើអ្វីជានយោបាយ «ចុងខ្សែពីរនៃចំណងមួយ»របស់សម្ដេចតេជោ ហ៊ុន សែន?
ថ្លែងនៅក្នុងសន្និសីទស្ដីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អនុសាសន៍ថា យើងត្រូវតែយកចិត្តទុកដាក់លើនយោបាយ «ចុងខ្សែពីរនៃចំណងមួយ» ។
នយោបាយ «ចុងខ្សែពីរនៃចំណងមួយ» គឺចុងខ្សែម្ខាង គឺសន្តិភាព និងចុងម្ខាងទៀត គឺការអភិវឌ្ឍន៍ ដើម្បីធានាដល់ការអភិវឌ្ឍ និងការរក្សាសុខសន្តិភាព។ សម្តេចបានមានប្រសាសន៍ថា សម្ដេចបានលះបង់ច្រើនហើយដើម្បីជាតិ និងប្រជាជន ដូច្នេះសម្តេចមិនខ្លាចនឹងលះបង់អំណាច ដើម្បីសុខសន្តិភាព និងស្ថេរភាពយូរអង្វែងនោះឡើយ។ ពេលនេះការលះបង់អំណាចរបស់សម្តេចបានហុចផលហើយ គឺការផ្ទេរអំណាចមិនបាននាំមកនូវការភ័យខ្លាច និងការគ្រប់គ្រងអតិផរណាបានល្អ សេដ្ឋកិច្ចដំណើរការទៅមុខ និងរក្សាបាននូវការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ទៀត។
សម្តេចតេជោបានបន្តថា ដើម្បីរក្សាបាននូវសុខសន្តិភាព និងស្ថេរភាព គឺត្រូវប្រឹងប្រែងកាត់បន្ថយភាពក្រីក្រ កាត់បន្ថយគម្លាតសង្គម បង្កើតការងារជូនប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាផ្សេងៗទៀត។ ជាមួយគ្នានេះ សម្តេចតេជោ បានស្នើឱ្យបរទេសរៀនសូត្រពីការប្រយុទ្ធប្រឆាំងនឹងរបបប្រល័យពូជសាសន៍នៅកម្ពុជា ជាពិសេសរៀនសូត្រពីកំហុស ដែលបានគាំទ្រមេដឹកនាំរបបប្រល័យពូជសាសន៍។
ជាមួយនឹងការប្រកាសបិទនូវសន្និសីទ ស្ដីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាសុខសន្តិភាពឲ្យបានគង់វង្ស ដើម្បីការអភិវឌ្ឍប្រទេសយើងឲ្យកាន់តែរីកចម្រើន យូរអង្វែងតទៅមុខទៀត។
ប្រភព៖ SHS