ថៃចាប់ខ្លួនអ្នកទេសចរម្នាក់ បន្ទាប់ពីបាន Review ម្ហូបអាហារនៅភោជនីយដ្ឋានមួយក្នុងប្រទេសរបស់ខ្លួនថាអន់
ប៉ូលីសក្នុងប្រទេសថៃបានឃាត់ខ្លួនអ្នកទេសចរជនជាតិអង់គ្លេសម្នាក់ ពីបទបរិហារកេរ្តិ៍ភោជនីយដ្ឋានមួយនៅភូកេតជាមួយនឹងការវាយតម្លៃអវិជ្ជមាននៅលើ Google ដោយសារតែជម្លោះផ្ទាល់ខ្លួន។
គាត់ត្រូវបានចោទប្រកាន់ពីបទ “ផ្សព្វផ្សាយព័ត៌មានមិនពិតតាមអ៊ីនធឺណិត បណ្តាលឱ្យប៉ះពាល់ដល់ប្រទេសថៃ” ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំនិងពិន័យជាប្រាក់រហូតដល់ ១០០,០០០ បាត (២,៧០០ដុល្លារអាមេរិក) តាមច្បាប់ថៃ។
ម្ចាស់ភោជនីយដ្ឋានបានដាក់ពាក្យបណ្ដឹងទៅប៉ូលីស បន្ទាប់ពីបានរកឃើញការធ្លាក់ចុះភ្លាមៗនៅក្នុងចំណាត់ថ្នាក់ Google បស់ពួកគេពីផ្កាយ ៤.៩ ដល់ផ្កាយ ៣.១ ។
យោងតាមប៉ូលីស មូលហេតុរបស់គាត់ផ្តើមចេញពីជម្លោះជាមួយម្ចាស់ភោជនីយដ្ឋាន។ គាត់ធ្លាប់ចង់ប្រើប្រាស់ភោជនីយដ្ឋាននេះ ដើម្បីជាច្រកចេញ-ចូល ងាយស្រួលទៅកាន់ខុនដូរបស់គាត់នៅភូកេត ប៉ុន្តែម្ចាស់មិនយល់ព្រម។
ដើម្បីសងសឹកម្ចាស់ភោជនីយដ្ឋាន គាត់បានចុះឈ្មោះមិត្តភ័ក្តិរបស់គាត់រិះគន់ភោជនីយដ្ឋាននោះជាមួយនឹងការវាយតម្លៃផ្កាយមួយ ដែលបណ្តាលឱ្យចំណាត់ថ្នាក់របស់វាធ្លាក់ចុះ នៅលើអ៊ីនធឺណេត៕
ប្រភព៖ VN Express