|

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន លើកឡើងអំពីគោលការណ៍សំខាន់ ៤ ចំណុច នៃការអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មី


នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំក្រុមការងារចុះទស្សនកិច្ច នៅវិទ្យាល័យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស ដែលមានទីតាំងនៅក្នុង ឃុំដើមប្ញស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដើម្បីពិនិត្យវឌ្ឍនភាពការងារអប់រំ ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្ដម លោកជំទាវ លោក លោកស្រី មន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ តំណាងសហគមន៍ និងអាជ្ញាធរដែនដី។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីគោលការណ៍ នៃការអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មី ដូចជា៖ ១) សាលារៀនមានបរិស្ថានសិក្សាល្អប្រសើរ ហេដ្ឋារចនាសម្ព័ន្ធទំនើប រួមមានបន្ទប់ពិសោធន៍ បណ្ណាល័យសតវត្សទី២១ បន្ទប់កុំព្យូទ័រ និងទីលានកីឡាជាដើម ២) ការលើកកម្ពស់ការអប់រំស្ទែម ការអប់រំឌីជីថល ៣) គ្រូបង្រៀនទទួលបានការអភិវឌ្ឍសមត្ថភាពជាប្រចាំ ទាំងវិធីសាស្ត្របង្រៀនថ្មីៗ និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀន និងការសិក្សាស្រាវជ្រាវ ៤) ការជួយឱ្យសិស្សចេះសិក្សាស្រាវជ្រាវដោយខ្លួនឯង ជាមួយនឹងការសិក្សាបន្ថែមក្នុងបណ្ណាល័យ ស្រាវជ្រាវតាមអ៊ីនធឺណិត ចេះប្រើកុំព្យូទ័រ កាត់បន្ថយការមានពេលវេលាទៅដើរលេងឥតប្រយោជន៍ ចៀសវាងការប្រើប្រាស់គ្រឿងញៀន និងមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការបន្តការសិក្សានៅឧត្តមសិក្សា។

ជាការឆ្លើយតប គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ តំណាងសហគមន៍ និងអាជ្ញាធរដែនដី បានសម្ដែងការគាំទ្រ និងប្ដេជ្ញាចិត្តចូលរួមអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់គោលការណ៍របស់ក្រសួង ក៏ដូចជាគោលនយោបាយថ្មីៗរបស់រាជរដ្ឋាភិបាល ដើម្បីកែលម្អបរិស្ថានសិក្សា និង សាលារៀនឱ្យមានហេដ្ឋារចនាសម្ព័ន្ធទំនើប បង្កើនសមត្ថភាពគ្រូបង្រៀនប្រកបដោយឧត្ដមភាព ជំរុញការចូលរួមរបស់សហគមន៍ ក្នុងគោលដៅឈានទៅផ្ដល់ការអប់រំសតវត្សទី២១ ផ្សារភ្ជាប់នឹងភាសាបរទេស បំណិនឌីជីថល ដល់សិស្សានុសិស្ស ដែលជាចលករជំរុញ និងលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស ឱ្យកាន់តែប្រសើរឡើងថែមទៀត។

ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់គណៈអភិបាលខេត្ត ដែលតែងតែគិតគូរយកចិត្តទុកដាក់ ចំពោះវិស័យអប់រំ និងសូមកោតសរសើរដល់ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ តំណាងសហគមន៍ និងអាជ្ញាធរដែនដី ដែលបានប្រឹងប្រែងយកអស់កម្លាំងកាយចិត្តបំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសូមឱ្យបន្តរក្សាស្មារតីសហការគ្នា ចូលរួមគាំទ្រការអនុវត្តកំណែទម្រង់វិស័យអប់រំនៅកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខទៀត៕

ប្រភព៖ MoEYS