|

ឯកឧត្តម ហ៊ុន ម៉ានី បន្តតាមដានគ្រប់ជំហានពីដំណើរការកែសន្លឹកកិច្ចការរបស់បេក្ខជន បើទោះបីពុំមានវត្តមានបើកសន្លឹកកិច្ចការសម្រាប់ដំណើរការកំណែ


ដំណើរការប្រលងជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យ រយៈពេល ០៤ ថ្ងៃ បានបញ្ចប់ទៅដោយរលូន និងជោគជ័យ។ ចាប់តាំងពីថ្ងៃទី២ រហូតមកដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ គេសង្កេតឃើញវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញមានវត្តមាន តាំងពីព្រឹករហូតដល់ពេលរសៀល ដើម្បីដឹកនាំ តាមដាន និងត្រួតពិនិត្យ វឌ្ឍនភាពនៃដំណើរការប្រឡងយ៉ាងហ្មត់ចត់។

ដោយឡែកនាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤នេះ ក្រសួងបានចាប់ផ្ដើមកែសន្លឹកកិច្ចការរបស់បេក្ខជន។ ដ្បិតមិនបានមានវត្តមានបើកសន្លឹកកិច្ចការសម្រាប់ដំណើរការកំណែដូចសព្វមួយដង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នៅតែបន្តតាមដានយ៉ាងយកចិត្ត ទុកដាក់គ្រប់ដំណាក់កាលទាំងអស់នៃដំណើរការកែសន្លឹកកិច្ចការរបស់បេក្ខជនពីចម្ងាយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានរំលេចសារដែលមានខ្លឹមសារថា «នាវេលាម៉ោង៧ និង១៥នាទីព្រឹកនេះ គណៈកម្មការរៀបចំការប្រឡងប្រជែងចាប់ផ្តើមដំណើរការកែសន្លឹកកិច្ចការរបស់បេក្ខជន ដែលបានចូលរួមប្រឡងប្រជែងជ្រើសរើសគ្រូអនុវិទ្យាល័យ ដែលបានប្រព្រឹត្តទៅរយៈពេល៤ថ្ងៃកន្លងមក។ ដោយសារមានភារកិច្ចជាអធិបតី នៃសិក្ខាសាលាថ្នាក់តំបន់ និងបេសកកម្មក្នុងក្របខណ្ឌគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ នៅខេត្តសៀមរាប ព្រឹកនេះខ្ញុំមិនមានវត្តមានបើកសន្លឹកកិច្ចការសម្រាប់ដំណើរការកំណែដូចសព្វមួយដងនោះទេ។ ទោះបីជាយ៉ាងនេះក្តី ខ្ញុំ និងក្រុមការងារនៅបន្តតាមដានយ៉ាងយកចិត្ត ទុកដាក់គ្រប់ដំណាក់កាលទាំងអស់នៃដំណើរការកែសន្លឹកកិច្ចការរបស់បេក្ខជនពីចម្ងាយ»។

គួរបញ្ជាក់ថា កំណែសន្លឹកកិច្ចការបានចាប់ផ្តើមនាវេលាម៉ោង ៧ និង១៥នាទី តាមរយៈការកាត់ក្បាលសន្លឹកកិច្ចការ ការចុះលេខ និងនីតិវិធីនានាស្របតាមនិយាមនីតិវិធីប្រតិបត្តិនៅមណ្ឌលកំណែ សាលាភូមិន្ទរដ្ឋបាល។

ប្រភព៖ Hun many, ក្រសួងមុខងារសាធារណៈ