| |

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យជ្រើសរើសនិស្សិតដែលរៀនបានពិន្ទុខ្ពស់ ដើម្បីកសាងយោធាចារ្យថ្មីបន្តវេន!


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រសួងការពារជាតិ និងស្ថាប័នពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់គិតគូរជាអាទិភាពលើការកសាងយោធាចារ្យថ្មីបន្តវេន ដោយជ្រើសរើសពីនិស្សិតដែលរៀនបានពិន្ទុខ្ពស់ និងពីយោធិនដែលមានស្នាដៃល្អ ក្នុងការគ្រប់គ្រង កងឯកភាពមកបណ្តុះបណ្តាលជាយោធាចារ្យវិលជុំ។

ប្រសាសន៍នេះត្រូវបានធ្វើឡើង នាព្រឹកថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្ដេចបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ។

ក្នុងឱកាសនេះ សម្តេចធិបតី បានណែនាំឲ្យមានការប្រឡងជ្រើសរើសនាយទាហានសកម្មទាំងអស់ ត្រូវតែមានតុល្យភាព និងត្រូវមានសមាមាត្រគ្នារវាងនាយទាហាននាយទាហានរង និងពលទាហាន។ ជាមួយគ្នានេះ សម្ដេចបានជំរុញឱ្យសាកលវិទ្យាល័យការពារជាតិ ក៏ដូចជាសាលាហ្វឹកហ្វឺននានាក្នុងវិស័យការពារជាតិ ត្រូវតែពង្រឹងសមត្ថភាព និងត្រូវមានគុណវុឌ្ឍិសម្រាប់យោធាចារ្យ ដើម្បីពង្រីកវិសាលភាពក្នុងការបណ្តុះបណ្តាល និងធ្វើការស្រាវជ្រាវ រួមទាំងបង្កើនការសិក្សាស្រាវជ្រាវពីយុទ្ធវិធី វិធីសាស្ត្រ និងបច្ចេកវិទ្យាពីប្រទេសនានា ដើម្បីពង្រឹងវិស័យការពារជាតិ កម្ពុជា ឱ្យស្របតាមស្ថានភាពពិភពលោក។

សូមបញ្ជាក់ជូនថា សាកលវិទ្យាល័យការពារជាតិ គឺជាគ្រឹះស្ថានឧត្តមសិក្សារបស់ក្រសួងការពារជាតិ ដោយសិក្សាលើផ្នែកវិភាគស្ថានការណ៍សន្តិសុខ វាយតម្លៃការគំរាមកំហែងមកលើសន្តិសុខជាតិ គោលនយោបាយការពារជាតិ កិច្ចការពារព្រំដែន កិច្ចការពារសន្តិសុខជាតិ កំណែទម្រង់យោធា ការចូលរួមក្នុងវិស័យការពារជាតិ និងសន្តិសុខលើឆាកអន្តរជាតិ សិក្សាផ្នែកវិទ្យាសាស្ត្រយោធា វិទ្យាសាស្ត្រសង្គម វិទ្យាសាស្ត្រពិត និងភាសាបរទេសជូនកងយោធពលខេមរភូមិន្ទ៕