របាំត្រុដិ ហាក់ទទួលបានប្រជាប្រិយភាពឡើងវិញក្រោមការយកចិត្តទុកដាក់ពីក្រសួង-ស្ថាប័ន
របាំត្រុដិ គឺជារបាំមួយប្រភេទដែលគេតែងតែសម្តែងដើម្បីបណ្តេញឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងនាំមកនូវភាពសម្បូរសប្បាយប្រកបដោយសុភមង្គលសម្រាប់ឆ្នាំថ្មី។ ជាទូទៅ របាំត្រុដិជារបាំប្រពៃណីមួយបែប ដែលគេធ្វើឡើងនៅថ្ងៃឆ្លងឆ្នាំ ដោយពាក្យ «ត្រុដិ» នេះគឺសំដៅលើ ការដាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី។
ក្នុងសម័យបច្ចុប្បន្ននេះគេសង្កេតឃើញថា ទម្រង់សិល្បៈបុរាណខ្មែរ ពុំសូវជាទីពេញនិយមលេងសម្រាប់តាមកម្មវិធីនានានោះទេ។ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ របាំត្រុដ្រិ ហាក់ទទួលបានការចាប់អារម្មណ៍ច្រើន ជាពិសេសការយកចិត្តទុកដាក់ខ្ពស់ ដោយនៅតាមក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា ក្រុមហ៊ុននានា តែងតែរៀបចំឱ្យមានការសម្តែងរបាំត្រុដិនេះ នៅមុនពេល ឬអំឡុងពេលខិតជិតមកដល់នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដើម្បីបណ្តេញឧបទ្រពចង្រៃ និងស្វាគមន៍សិរីសួស្តីក្នុងឱកាសឆ្នាំថ្មី ។ ជាមួយគ្នានេះដែរ ក្រសួងទេសចរណ៍បានជំរុញ និងណែនាំឱ្យមានការសម្តែងរបាំត្រុដិនៅតាមគោលដៅសំខាន់ៗ ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កន្លែងកម្សាន្ត និងមូលដ្ឋានអាជីវកម្មនានា។
វត្តមាននៃរបាំនេះ បានធ្វើឱ្យប្រជាពលរដ្ឋ ជាពិសេសក្មេងៗជំនាន់ក្រោយកាន់តែស្គាល់ច្បាស់ពីអ្វីដែលជាមរតកវប្បធម៌របស់ខ្មែរ និងបានចូលរួមផ្សព្វផ្សាយទៅកាន់ភ្ញៀវទេសចរណ៍បរទេសផងដែរ។
គួរបញ្ជាក់ផងដែរថា ក្នុងការសម្តែងរបាំត្រុដិ គេប្រើប្រាស់ឧបករណ៍ ដូចជា កញ្ឆារ ចង្ក្រង់ដំបែ ចង្ក្រង់រ៉ូង ស្គរ ប៉ីពក ទ្រអ៊ូ ទ្រសោ សន្ទូចជាដើម។ ចំពោះគ្រឿងតុបតែងវិញមានដូចជា មុខត្លុក មកុដ ស្នែងប្រើស ស្នែងទន្សោង កន្ទុយក្ងោក និងក្រចក។ ដោយឡែក តួសម្ដែងរបាំត្រុដិរួមមាន សម្តែងជាសត្វប្រើស ព្រានព្រៃ យក្ស ព្រាយស្រីក្រចកវែង សត្វក្ងោក សត្វទន្សោង ព្រមទាំងអ្នកវាយស្គរដៃ អ្នកកាន់ចង្រ្កង់ និងកញ្ឆា អ្នកច្រៀងដឹករបាំ ដោយពាក្យពេចន៍ប្រើនៅក្នុងចម្រៀងមានភាពខុសគ្នាទៅតាមក្រុមសម្ដែងផងដែរ។
រូបភាព៖ CNC, Empire