|

រដ្ឋមន្ត្រីក្រសួងអប់រំ ជំរុញឱ្យគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ត្រូវចាប់ផ្ដើមបង្កើតមជ្ឈមណ្ឌលបរិវត្តកម្មផ្នែកឌីជីថល


បច្ចេកវិទ្យាជាផ្នែកមួយនៃជីវិតរបស់មនុស្ស ដែលគ្របដណ្ដប់លើស្ទើតែគ្រប់ទិដ្ឋភាពទាំងអស់ ក្នុងនោះរួមបញ្ចូលទាំងលើវិស័យអប់រំផងដែរ។ ដើម្បីជាការឆ្លើយតបទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យាទាំងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឱ្យគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ចាប់ផ្ដើមបង្កើតមជ្ឈមណ្ឌលបរិវត្តកម្មផ្នែកឌីជីថល។

ប្រសាសន៍នេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំយុវជន និងកីឡាឆ្នាំ២០២២-២០២៣ និងទិសដៅឆ្នាំសិក្សា ២០២៣-២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ការជំរុញឱ្យបង្កើតមជ្ឈមណ្ឌលបរិវត្តកម្មផ្នែកឌីជីថល គឺត្រូវធ្វើឡើងបន្តិចម្ដងៗ ចាប់ពីតូចទៅធំ។ ក្រៅអំពីគ្រឹះស្ថានឧត្តមសិក្សា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យសាលាគរុកោសល្យទាំងអស់រៀបចំប្រព័ន្ធគ្រប់គ្រងតាមបែបឌីជីថល ដើម្បីបង្កភាពងាយស្រួលក្នុងការរៀន និងការបង្រៀន។ ឯកឧត្តម បានមានប្រសាសន៍ថា «សាលាគរុកោសល្យត្រូវតែជាកន្លែងដែលឌីជីថល ប្រសិនបើសាលាគរុកោសល្យមិនឌីធីថលទេ យើងមិនអាចឱ្យសាលាផ្សេងទៀតឌីជីថលបាននោះទេ»។

ឯកឧត្តម ក៏បានបន្ថែមផងដែរថា ការរៀបចំវិធីសាស្ត្របង្រៀនដោយប្រើប្រាស់ឌីជីថល ជាការចាំបាច់ ហើយសាលារៀនផ្សេងទៀតដែលស្ថិតនៅទីប្រជុំជន ក៏ដូចជានៅតាមទីជនបទ ក៏អាចក្លាយជាសាលាឌីជីថលដែរ ប្រសិនបើមានការប្ដេជ្ញាចិត្តពីនាយកសាលា ភាពជាម្ចាស់ និងការចូលរួមពីអង្គការដៃគូ និងមាតាបិតាសិស្ស ដើម្បីឱ្យកូនៗមានជំនាញឌីជីថល និងក្លាយជាធនធានមនុស្សសតវត្សរ៍ទី២១។

ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តឱ្យសាកលវិទ្យាល័យនីមួយៗ ត្រូវរៀបចំវិធីបង្រៀនដោយប្រើប្រាស់នូវអ្វីដែលសាលាជំនាន់ថ្មីមាន ហើយផ្សារភ្ជាប់ជាមួយសាលាមធ្យមសិក្សា ដើម្បីពង្រាយវិធីសាស្ត្រអប់រំ និងគ្រប់គ្រងតាមបែបឌីជីថលនេះទៅដល់ថ្នាក់ក្រោមផងដែរ។