«មានឯកឧត្តម ហ៊ុន ម៉ានីជាថ្នាក់ដឹកនាំមួយរូប ខ្ញុំមានជំនឿចិត្តថាអនាគតជាតិដែលមានការរួមចំណែកពីយុវជនកម្ពុជា នឹងឆ្ពោះទៅមុខយ៉ាងល្អប្រសើរ»


នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម ហ៊ុន ម៉ានី ត្រូវបានរដ្ឋសភា បោះឆ្នោតផ្ដលើសេចក្ដីទុកចិត្តតែងតាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងសម័យប្រជុំរដ្ឋសភាវិសាមញ្ញ ជាមួយនឹងសំឡេងគាំទ្រ ១២០/១២០សំឡេង។

ជាមួយនឹងតួនាទីថ្មីនេះ ឯកឧត្តម ហ៊ុន ម៉ានី ទទួលបានការសាទរយ៉ាងក្លៀវក្លាពីសំណាក់មន្ត្រីក្នុងរដ្ឋាភិបាល ប្រជាពលរដ្ឋទូទៅ ជាពិសេសយុវជនដែលជាសមាជិក សមាជិកានៃសហភាពសហព័ន្ធយុវជនកម្ពុជា។

លោកស្រី ថុន្នី ច័ន្ទលីនដា ជាសមាជិក ស.ស.យ.ក. មួយរូប បានបង្ហាញការយល់ឃើញថា «ក្នុងនាមនាងខ្ញុំជាសមាជិកស.ស.យ.ក. មួយរូប នាងខ្ញុំពិតជាគាំទ្រយ៉ាងពេញទំហឹង ដែលឯកឧត្តម ហ៊ុន ម៉ានី ត្រូវបានរដ្ឋសភាសម្រេចចិត្តបោះឆ្នោតផ្តល់ទំនុកចិត្ត តែងតាំងជាឧបនាយករដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ។ តាមទស្សនៈរបស់នាងខ្ញុំផ្ទាល់ លោកពិតជាសាកសមឥតខ្ចោះក្នុងការងារទទួលតំណែងនេះ ព្រោះលោកជាថ្នាក់ដឹកនាំ ដែលពោរពេញដោយសមត្ថភាព និងបានសាងស្នាដៃ សមិទ្ធិផលសម្រាប់កម្ពុជា ក៏ដូចជានាំយកនាវាកម្ពុជាឈានទៅរកកិត្តយសល្បីល្បាញ។ ជាក់ស្ដែង ក្រោមការដឹកនាំធំៗ របស់លោកដែល មានដូចជា កម្មវិធីអង្គរសង្ក្រាន beyond the game និងជាពិសេស ព្រឹត្តការណ៍ sea game 2023 កម្ពុជា ជាម្ចាស់ផ្ទះ ដែលខ្ញុំយល់ថាជាព្រឹត្តការប្រវត្តិសាស្ត្រមួយ បានប្រមូលផ្តុំបេះដូងប្រជាជនខ្មែររាប់ម៉ឺននាក់មកស្រែកហ៊ោជុំគ្នាអបអរសាទរ និងមានមោទកភាពចំពោះជាតិរបស់ខ្លួនក្នុងពេលតែមួយ។ នេះបង្ហាញពីការដឹកនាំយ៉ាងជោគជ័យបំផុត និងនាំយកកេរ្ត៍ឈ្មោះកម្ពុជាអោយពិភពលោកបានស្គាល់កាន់តែច្បាស់ថាខ្មែរអាចធ្វើបាន។

លោកស្រីបានបន្តថា «ឯកឧត្តម ហ៊ុន ម៉ានី ជាថ្នាក់ដឹកនាំមួយរូបដែលពោរពេញដោយភាពកក់ក្តៅ សាមញ្ញ និងមានវិធីសាស្ត្រដឹកនាំយ៉ាងត្រឹមត្រូវ។ ជាមួយគ្នានេះ លោកក៏ជានិមិត្តរូបមួុយរូបដែលតែងតែផ្តល់ក្តីសង្ឃឹម និងលើកទឹកចិត្ត បង្កើតឱកាស អោយយុវជនរាប់សែននាក់ រួមទាំងនាងខ្ញុំបានចូលរួមបង្ហាញ លត់ដំសមត្ថភាព និងចូលរួមការងារសង្គមជួយដល់ប្រទេសជាតិក្នុងចំណែកតូចៗណាមួយ ហើយនេះក៏ចាត់ទុកថាជាសកម្មភាព និងភាពជោគជ័យ ក្នុងការបណ្តុះបណ្តាលសមត្ថភាព និងស្មារតីស្នេហាជាតិរបស់យុវជន ដែលជាអនាគតរបស់កម្ពុជាផងដែរ។»

លោកស្រីក៏បានសង្កត់ធ្ងន់ថា «មាន ឯកឧត្តម ហ៊ុន ម៉ានី ជាថ្នាក់ដឹកនាំគម្រូម្នាក់ ខ្ញុំមានសង្ឃឹម និងមានជំនឿចិត្តក្នុងការកសាងអនាគតកម្ពុជា ដែលជាការចូលរួមរបស់យុវជន ក៏ដូចជាក្មេងៗជំនាន់ក្រោយអោយកាន់តែមានភាពជោគជ័យ និងវឌ្ឍនភាពក្នុងដំណើរឆ្ពោះទៅមុខបន្តទៀត។