នាយករដ្ឋមន្ត្រីថៃ បានបញ្ជាក់ថាមិនអនុញ្ញាតឱ្យអ្នកណាប្រើទឹកដីថៃធ្វើសកម្មភាពប្រឆាំងនឹងប្រទេសជិតខាងឡើយ


ក្នុងជំនួបពិភាក្សាជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត លោក ស្រេដ្ឋា ថាវីស៊ីន បានបញ្ជាក់ជាថ្មីថា នេះជាគោលនយោបាយរបស់ប្រទេសថៃដែលមិនអនុញ្ញាតឲ្យអ្នកណាម្នាក់ប្រើប្រទេសថៃជាវេទិកាលូកដៃចូល ឬ ធ្វើសកម្មភាពបង្កគ្រោះថ្នាក់ប្រឆាំងនឹងប្រទេសជិតខាង។

ដោយឡែក ទាក់ទិននឹងវិស័យទេសចរណ៍ ថ្នាក់ដឹកនាំបានពិភាក្សាអំពីការរួមកម្លាំងគ្នាជំរុញយុទ្ធនាការ “ប្រទេសប្រាំមួយ ទិសដៅតែមួយ” ដែលអាចឱ្យភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់ព្រំដែនទៅទស្សនាប្រទេសថៃ កម្ពុជា និងប្រទេសជិតខាងផ្សេងទៀតក្នុងការធ្វើដំណើរតែមួយ។ ទន្ទឹមនឹងនេះ ប្រទេសថៃនឹងបើកស្ថានអគ្គកុងស៊ុលថ្មីនៅខេត្តសៀមរាប ខណៈដែលកម្ពុជានឹងបើកស្ថានអគ្គកុងស៊ុលថ្មីនៅទីក្រុង Songkhla នៅចុងឆ្នាំនេះ។

កម្ពុជា-ថៃ ក៏បានទទួលស្គាល់ពីសារៈសំខាន់នៃការកាត់បន្ថយការបំពុលខ្យល់ឆ្លងព្រំដែន ដោយបានយល់ព្រមបង្កើតក្រុមការងាររួមគ្នា រួមទាំងការបង្កើតបណ្តាញទូរស័ព្ទបន្ទាន់សម្រាប់ការចែករំលែកព័ត៌មាន និងការជូនដំណឹងអំពីទីតាំងអគ្គីភ័យ។ ភាគីទាំងពីរបានយល់ព្រមសហការលើការឆ្លើយតបបន្ទាន់ ការកសាងសមត្ថភាព និងការចែករំលែកការអនុវត្តល្អបំផុត លើផ្នែកដូចជាការគ្រប់គ្រងការដុតបំផ្លាញកសិកម្ម ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការដុតកាកសំណល់កសិកម្មក្នុងរដូវប្រាំង។

ជាមួយគ្នានេះ ប្រទេសទាំងពីរក៏បានព្រមព្រៀងគ្នាក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីរបស់ពួកគេទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ដូចដែលពួកគេបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ចំនួនប្រាំនៅវិមានរដ្ឋាភិបាលកាលពីថ្ងៃទី៧ ខែកុម្ភៈកន្លងទៅ។

គួរបញ្ជាក់ថា ភាពជាដៃគូយុទ្ធសាស្ត្រនឹងបើកឱកាសថ្មីៗជាច្រើនសម្រាប់ប្រទេសទាំងពីរដើម្បីធ្វើការកាន់តែជិតស្និទ្ធ៕

ប្រភព៖ Thai PBS World