និស្សិតគួរកុំមើលរំលង រឿងឌីហ្សាញ PowerPoint សម្រាប់ការធ្វើបទបង្ហាញ


គេហទំព័រអន្តរជាតិ Design Buffs (https://www.designbuffs.com/blog/ppt-design-tips) ផ្តោតលើជំនួញផ្នែករចនា ឬឌីហ្សាញ បានសរសេរថា៖ “PowerPoint នៅតែបន្តជាចំណុចសំខាន់នៅតាមស្ថាប័នជាច្រើន។”

សាកលវិទ្យាល័យ UNSW Sydney (https://www.student.unsw.edu.au/design-tips) បានចុះលើគេហទំព័រផ្លូវការរបស់ខ្លួនថា៖ “គោល បំណង ដំបូង របស់ អ្នកនោះ គឺ ដើម្បី ទំនាក់ ទំនង ហើយទន្ទឹមគ្នានេះ ការរៀបចំ ស្លាយឱ្យបានស្អាត វា នឹង ជួយឱ្យការបញ្ជូនខ្លឹមសារ (ទំនាក់ទំនង) របស់អ្នកកាន់តែទាក់ទាញ។”


១. ធ្វើវាឱ្យសាមញ្ញ និងជាក់លាក់

-ព័ត៌មានដែលដាក់ចូល ឬសម្រាប់បង្ហាញគួរតែសង្ខេប ធ្វើវាឱ្យសាមញ្ញ ងាយយល់ និងមានភាពពាក់ព័ន្ធ។
-ទំព័រនីមួយៗ ត្រូវកំណត់ចំនួនតួអក្សរ។ កុំឱ្យទំព័រពោរពេញដោយអក្សរ និងរូបភាពញឹកស្អេកពេក ដែលពិបាកនឹងមើល។
-ដៅចំណុច-សម្រាប់ខ្លឹមសារណាដែលសំខាន់ និងចាំបាច់។
-ជៀសវាងការប្រើប្រាស់ចលនា (animation) ច្រើនពេក វាអាចរំខានដល់អ្នកស្តាប់បទបង្ហាញ។
-ជៀសវាងប្រើប្រាស់ផ្ទៃខាងក្រោយ (Background) ដែលពិបាកមើល និងអានអក្សរ។
-Slide មិនគួរមានទំព័រច្រើនពេកទេ យ៉ាងតិចចន្លោះពី 10-14 គឺសមរម្យ ហើយកំណត់ពេលវេលាធ្វើបទបង្ហាញចន្លោះពី 1-2 នាទី ក្នុងមួយទំព័រ។
 
២. ធ្វើវាឱ្យធំ និងមានភាពទៀងទាត់

-Font អក្សរត្រូវតែធំ ងាយអាន ហើយរក្សាទំហំនោះរហូតចុងបញ្ចប់នៃ Slide។ ទំហំអក្សរ អាចចន្លោះពី 18pt-24pt គឺសមរម្យ។
-ជៀសវាងប្រើប្រាស់ font ចម្រុះគ្នា ឬ font ដែលមិនផ្លូវការ ឬរញ៉េរញ៉ៃខ្លាំងពេក។ ឧ. អាចប្រើប្រាស់ Helvetica, Arial or Times ជាដើម។
-គួរប្រើប្រាស់ font អក្សរ ផ្ទៃខាងក្រោយ ពណ៌ និងរចនាបថជាដើម ត្រូវតែរក្សាវាឱ្យដូចគ្នា ឬយ៉ាងហោចប្រហាក់ប្រហែលគ្នា។
 
៣. ប្រើប្រាស់រូបភាព ឬក្រាហ្វិកឱ្យបានត្រឹមត្រូវ


-ក្នុងមួយទំព័រ មិនគួរប្រើរូបភាពច្រើនពេកទេ។ អាចប្រើប្រាស់ច្រើនបានក្នុងករណីចាំបាច់ ឬមានការរៀបចំបានត្រឹមត្រូវណាមួយ។
រូបភាពត្រូវតែមានគុណភាពច្បាស់ល្អ ងាយមើល។
-ទំព័រនីមួយៗមិនគួរមានតែអក្សរសុទ្ធនោះទេ យ៉ាងហោចណាស់ចេះលាយឡំនឹងក្រាហ្វិក តារាង រូបភាពតំណាង និមិត្តសញ្ញាជាដើម តែត្រូវប្រាកដថាច្បាស់ ងាយមើល ងាយយល់។
 
ក្រៅពីចំណុចដែលបានរៀបរាប់ខាងលើ នៅមានចំណុចជាច្រើនទៀត ដែលអាចធ្វើឱ្យ Slide របស់អ្នក និងការធ្វើបទបង្ហាញរបស់អ្នកកាន់តែមានប្រសិទ្ធភាព រួមមាន៖ ការកំណត់ពេលវេលាបទបង្ហាញ កុំឱ្យលឿនពេក យូរពេក ចេះបញ្ចេញបញ្ចូលភាសាកាយវិការ ភាសានិយាយ ជាមួយអ្នកចូលរួម ដើម្បីឱ្យបរិយាកាសមិនស្ងាត់ពេក ឬធុញថប់ពេក។
 
មួយវិញទៀត ការត្រៀមលក្ខណៈ ឬហាត់សមជាមុន ជាកត្តាជំរុញឱ្យអ្នកកាន់តែមានទំនុកចិត្តក្នុងការធ្វើបទបង្ហាញ កាត់បន្ថយការភ័យ ឬឱ្យអ្នកចងចាំបានល្អនូវខ្លឹមសារដែលអ្នកចង់បង្ហាញ៕