ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ស្នើឱ្យបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ចូលរួមយ៉ាងពេញទំហឹង ដើម្បីសម្រេចបាននូវគោលដៅ អប់រំជាតិ
កាលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤ នៅវិទ្យាល័យឧដុង្គ ខេត្តកំពង់ស្ពឺ។ នាឱកាសនេះ ក៏មានវត្តមាន ឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឯកឧត្ដម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រេីនរូប។
ក្នុងពិធីនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការបើកបវេសនកាល ឆ្នាំសិក្សាថ្មីនាពេលនេះ គឺការឆ្នាំចាប់ផ្តើមដ៏ល្អមួយ នៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យអប់រំ ជាវិស័យអាទិភាពទី១ ឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្សឱ្យមានចំណេះដឹង សមត្ថភាពខ្ពស់ ភាពច្នៃប្រឌិត ស្មារតីសហគ្រិន ភាព នវានុវត្តន៍ និងក្រមសីលធម៌ខ្ពស់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។
តាមរយៈការអនុវត្តកំណែទម្រង់ដែលបានដាក់ចេញជាបន្តបន្ទាប់ វិស័យអប់រំទទួលបាននូវលទ្ធផលជាច្រើនគួរជាទីមោទនៈ។ មកទល់ពេលនេះ យើងមានសាលារៀន គ្រប់កម្រិតសិក្សា ស្ទើរតែគ្រប់ទីតាំងភូមិសាស្ត្រ ទូទាំងប្រទេស ស្របតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក្នុងគោលដៅបង្ខិតសាលារៀនឱ្យទៅ ជិតលំនៅដ្ឋានរបស់ប្រជាជន។
ដើម្បីសម្រេចបានទិសដៅការងារដូចបានរៀបរាប់ខាងលើ ជាពិសេសក្នុងឆ្នាំសិក្សាថ្មីនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ស្នើឱ្យបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ចូលរួមយ៉ាងសកម្មពេញទំហឹងអនុវត្តតួនាទី និងភារកិច្ច រៀងខ្លួនៗប្រកបដោយ ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវគោលដៅ អប់រំជាតិ ជាពិសេសការសម្រេចបានសាលារៀនគំរូ និងចូលរួមអនុវត្តយុទ្ធនាការសាលារៀន ស្អាតគ្មានសំរាម និងស្នើស្ថាប័នអង្គភាពពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ សូមចូលរួមគាំទ្រ និង អភិវឌ្ឍវិស័យអប់រំកម្ពុជា រួមទាំងលោកឪពុក អ្នកម្តាយ និងអ្នកឤណា ព្យាបាលទាំងអស់ នៅទូទាំងប្រទេស សូមចូលរួមចំណែកឱ្យសកម្មខ្លាំងក្លា ដល់ការជួយអប់រំកូនចៅរបស់ខ្លួន។
សូមជម្រាបថា ក្នុងកម្មវិធីបេីកបវេសនកាលនិម្មិតរូបនេះ ក៏មានពិធីប្រគល់សម្ភារៈសិក្សា សម្ភារៈកីឡា ការពិព័រណ៍ស្នាដៃសិស្សសាលារៀនជំនាន់ថ្មី និងវិទ្យាល័យធនធានការអនុវត្តវិធីសាស្រ្តបង្រៀនថ្មី ការធ្វើបទបង្ហាញការធ្វើពិសោធន៍ មុខវិជ្ជានានា ពិសេសគឺការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្តង់ដាសាលារៀនគំរូ៕
ប្រភព៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន