លោកជំទាវ ចម និម្មល លើកឡើងអំពីភាពចាំបាច់ក្នុងការតភ្ជាប់តំបន់អាស៊ាននិងឈូងសមុទ្រ (Gulf Cooperation Council) លើវេទិកាអន្តរជាតិ


ការលើកឡើងនេះ ត្រូវបានថ្លែងនៅក្នុងកិច្ចពិភាក្សា ក្រោមប្រធានបទ៖ ការធ្វើសកលភាវូបនីកម្ម និងពាណិជ្ជកម្មនាពេលអនាគត ÒGLOBALIZATION AND THE FUTURE OF TRADE” ក្នុងនាមលោកជំទាវ ជាវាគ្មិន រួមជាមួយ ឯកឧត្តមបណ្ឌិត Thani bin Ahmed Al Zeyoudi រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម(UAE) ដែលជាសហវាគ្មិន ក្នុងវេទិកា កាលពីព្រឹកថ្ងៃពុធ ទី២៩ ខែវិចិ្ឆកា ឆ្នាំ២០២៣។

ក្នុងនោះ លោកជំទាវរដ្ឋ មន្ត្រីបានលើកឡើងអំពីវឌ្ឍនភាព និងកាលានុវត្តភាពនៃការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម និងអំពីសារៈសំខាន់នៃការធ្វើសមាហរណកម្មពាណិជ្ជកម្មនៅក្នុងតំបន់និងសកល ជាពិសេសភាពចាំបាច់ក្នុងការតភ្ជាប់តំបន់អាស៊ាននិងឈូងសមុទ្រ (Gulf Cooperation Council) ដែលជាគន្លឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ការចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងការលើកកម្ពស់នវានុវត្តន៍ជាដើម។

រដ្ឋមន្ត្រីទាំងពីររូបក៏បានលើកឡើងអំពីសុទិដ្ឋិនិយមខ្ពស់ ចំពោះសក្តានុពលដែលនឹងទទួលបានពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ Cambodia-UAE CEPA ហើយបានកត់សម្គាល់រួមគ្នាអំពី តួនាទីរបស់ប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល បរិស្ថាន ការប្រកួតប្រជែង ការអភិវឌ្ឍសមត្ថភាពយុវជន និងការសម្របខ្លួនទៅនឹងបដិវដ្តកម្មបច្ចេកវិទ្យាដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស។