សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ «ខ្ញុំសុខចិត្តឱ្យគេហៅខ្ញុំថា ផ្ដាច់ការ ជាជាងឱ្យប្រជាជនចោទថាអសមត្ថភាពថែរក្សាសេចក្ដីសុខ និងសន្តិភាពជូនពលរដ្ឋ»
នាព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពពិធីបិទស្ទឹង និងបើកការដ្ឋានសាងសង់ទំនប់វារីអគ្គីសនីស្ទឹងតាតៃលើ នៅស្រុកថ្មបាំង ខេត្តកោះកុង។
![](https://media.brandbodia.com/wp-content/uploads/2023/11/photo_2023-11-30_10-24-55-1024x600.jpg)
ថ្លែង ប្រសាសន៍នាឱកាសនេះ សម្ដេចធិបតី បានឆ្លើយតបទៅនឹងមតិមួយចំនួន ដែលតែងលើកឡើងថា ឱ្យតែរដ្ឋាភិបាលនិយាយពីរឿងសន្តិភាព គឺជារាជរដ្ឋាភិបាលផ្ដាច់ការ។ សម្ដេចបានមានប្រសាសន៍ថា «បើសិនជាការប្ដេជ្ញាចិត្តការពារសន្តិភាព និងស្ថិរភាពឱ្យប្រជាពលរដ្ឋ ត្រូវបានគេចោទថាជាការផ្ដាច់ការ ខ្ញុំសុខចិត្តឱ្យគេហៅថាផ្ដាច់ការជាជាងឱ្យប្រជាជនចោទថាអសមត្ថភាព ធ្វើឱ្យសង្គ្រាមកើតឡើងក្នុងប្រទេស ហើយស្លាប់ប្រជាពលរដ្ឋ។»
ជាមួយគ្នានេះ សម្ដេចក៏បានគូសបញ្ជាក់ថា រដ្ឋាភិបាលនឹងមិនឱ្យប្រជាជនចោទថា រដ្ឋាភិបាលអាណត្តិទី៧ គ្មានសមត្ថភាពថែរក្សាសេចក្ដីសុខជូនប្រជាជន ជាពិសេសសុខសន្តិភាពដែលបានមកដោយការលំបាក និងការលះបង់របស់រាជរដ្ឋាភិបាលអាណត្តិមុននោះទេ៕