លោកជំទាវ ចម និម្មល៖ យុវជនតំណាងឱ្យកម្ពុជា ត្រូវប្រកាន់ខ្ជាប់នូវអត្តសញ្ញាណជាតិ និងអត្តចរិតថ្លៃថ្នូរ


នេះជាប្រសាសន៍ផ្ដាំផ្ញើរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដល់គណៈប្រតិភូយុវជនសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា (SSEAYP) ។

ក្នុងជំនួបជាមួយ គណៈប្រតិភូយុវជន និងថ្នាក់ដឹកនាំសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា (SSEAYP) នារសៀលថ្ងៃចន្ទ ទី២០ ខែវិចិ្ឆកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ផ្តាំផ្ញើដល់គណៈប្រតិភូយុវជន និងថ្នាក់ដឹកនាំសមាគម ឱ្យរក្សាទំនាក់ទំនងល្អ និងត្រូវប្រកាន់ខ្ជាប់នូវអត្តសញ្ញាណជាតិ និងអត្តចរិតថ្លៃថ្នូរ សាកសមជាយុវជនតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហការល្អ ជាមួយយុវជនជប៉ុន និងយុវជនមកពីបណ្ដាប្រទេសសមាជិកអាស៊ានផ្សេងទៀត។

លើសពីនេះលោកជំទាវរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យគណៈប្រតិភូយុវជនចែករំលែកព័ត៌មានអំពីផលិតផលកសិផល និងការវិវត្តសេដ្ឋកិច្ចនៅកម្ពុជាផងដែរ។

សូមជម្រាបថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍លើកទី៤៧ នេះ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ នៅប្រទេសជប៉ុន ដែលកម្មវិធីប្រចាំឆ្នាំនេះមានគោលបំណងក្នុងការបង្កើន ការយោគយល់គ្នាទៅ វិញទៅមក និងជំរុញការផ្លាស់ប្តូរវប្បធម៌ និងចំណេះដឹង ក្នុងចំណោមយុវជនជប៉ុន និងយុវជននៃបណ្តាប្រទេសអាស៊ាន ទាំង១០។