កម្ពុជា-អារ៉ាប៊ីសាអូឌីត ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ


នារសៀលថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្ដម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ។

កិច្ចពិភាក្សានាឱកាសនេះ គឺផ្ដោតទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសតាមរយៈការជំរុញបង្កើតយន្តការជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។

គួរបញ្ជាក់ថា កន្លងមកកម្ពុជា- អារ៉ាប៊ីសាអូឌីតបានពង្រឹងទំនាក់ទំនងល្អជាមួយគ្នាតាមរយៈការបំពេញឱ្យគ្នាទៅវិញទៅមកនូវសក្តានុពលសេដ្ឋកិច្ច ការធ្វើពិពិធកម្មពាណិជ្ជកម្មនិងទីផ្សារការនាំចេញក្នុងតំបន់មជ្ឈឹមបូព៌ា និងការជំរុញវិនិយោគទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ សំដៅចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព និងបរិយាប័ន្ន៕