«យុវតី សុវណ្ណ ម៉ូលីកា៖ ភាពចម្រុះនៃវប្បធម៌ ជាចំណេះដឹងសាកលដែលយុវជនគួរមានការឈ្វែងយល់»


ភាពទូទៅនៃទំនាក់ទំនងវប្បធម៌រវាងប្រទេសមួយ ទៅប្រទេសមួយតែងមានការទទួលរងឥទ្ធិពលពីគ្នាទៅវិញទៅមក ទាំងរបៀបរស់នៅ ប្រពៃណី ម្ហូបអាហារ និងភាសាផងដែរ។ លំហូរចូលនៃវប្បធម៌រវាងប្រទេសមួយទៅប្រទេសមួយ អាចជាការសាយភាយដោយផ្ទាល់ និងប្រយោល និងពេលខ្លះទៀត គឺមិនត្រូវបានគេចាប់អារម្មណ៍នោះទេ។

ជាក់ស្ដែងនៅកម្ពុជា មានទំនាក់ទំនងសេដ្ឋកិច្ច នយោបាយ វប្បធម៌ ប្រពៃណី និងទំនាក់ទំនងការទូតជាដើម ជាមួយបណ្ដាប្រទេសជាច្រើនលើពិភពលោក ដែលទាំងអស់នេះបានជំរុញឲ្យមានអន្តរកម្មវប្បធម៌រវាងគ្នា និងគ្នា។

ជុំវិញបញ្ហានេះ យុវតី សុវណ្ណ ម៉ូលីកា បានបង្ហាញការយល់ឃើញទាក់ទងទៅនឹងទំនាក់ទំនងប្រទេសនីមួយៗ ថា៖ “វាជារឿងដែលមិនអាចគេចផុត ឬហាមកុំឲ្យមានសាយភាយវប្បធម៌ទៅវិញទៅមក។ បើយើងគិតទៅលើមួយជ្រុង នេះជារឿងមួយដែលល្អដល់គ្រប់គ្នាក្នុងការសិក្សារៀនសូត្រចំណេះដឹងថ្មី និងវប្បធម៌ថ្មី ដែលទាំងអស់នេះ ជួយឲ្យយើងទទួលបានការគិតពិចារណាឲ្យកាន់តែទូលាយជាងមុន។ “

យុវតីរូបនេះ បានបន្តថា «កាលពីពេលថ្មីៗនេះ ខ្ញុំបានចូលរួមក្នុងការតាំងពិព័រណ៌ ”ផ្សារបារាំង” នៅឯស្ថានទូតបារាំងនៃប្រទេសកម្ពុជា ដោយបានសង្កេតឃើញថា ការតាំងបង្ហាញម្ហូប និងផលិតផលផ្សេងៗ ក្នុងនោះពិតជាអស្ចារ្យ ហើយធ្វើឱ្យខ្ញុំចាប់អារម្មណ៍ថា យុវជនគួរចូលរួមកម្មវិធីបែបនេះឲ្យបានច្រើនដើម្បីសិក្សារៀនសូត្រ និងទទួលយកភាពខុសប្លែកនៃវប្បធម៌ប្រទេសផ្សេងៗ។

ម៉ូលីកា បាននិយាយបន្ថែមថា៖ “នេះជាឱកាសមួយដ៏ល្អដែលមានការតាំងពិព័រណ៌ម្ហូបអាហារប្លែកៗ និងផលិតផល សិល្បៈផ្សេងៗ មិនតែប៉ុណ្ណោះ ក៏ជាឱកាសក្នុងការបង្កើតមិត្តភាពថ្មីៗ និងជួបមនុស្សថ្មីជាច្រើនទៀតក្នុងការដោះដូរចំណេះដឹងផងដែរ។ យ៉ាងណាមិញ ទន្ទឹមនឹងផលវិជ្ជមានទាំងនេះ ក្នុងនាមយើងជាយុវជនគួរមានការស្វែងយល់ពីវប្បធម៌របស់ខ្លួនឱ្យបានច្បាស់ កុំបរទេសនិយម រហូតធ្វើឱ្យបាត់បង់តម្លៃនៃវប្បធម៌ជាតិខ្លួន”។

គួរបញ្ជាក់ថា ស្ថានទូតបារាំងបានធ្វើការតាំងពិព័រណ៌ ”ផ្សារបារាំង” នៅឯស្ថានទូតបារាំងនៃប្រទេសកម្ពុជា កាលពីថ្ងៃទី ២១ ខែតុលា នេះ ហើយបានបើកស្វាគមន៍ដល់ភ្ញៀវជាតិនិងអន្តរជាតិចូលរួមក្នុងការតាំងពិព័រណ៌ម្ហូបអាហារនិងផលិតផលសុខភាពផ្សេងៗ របស់ខ្មែរ និងបារាំង ដោយការចូលរួមសេរី ចាប់ពីម៉ោង ១០ ព្រឹកដល់ម៉ោង ៦ ល្ងាច។

អត្ថបទដោយ៖ កឹម សុម៉ាលី