ឥណ្ឌានឹងផ្ដល់វ៉ាក់សាំង១សែនដូស តាមសំណើររបស់សម្ដេច ហ៊ុន សែន


ឆ្លើយតបនឹងសំណើររបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រដ្ឋាភិបាលឥណ្ឌាតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំទីក្រុងភ្នំពេញ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នេះ សម្រេចផ្ដល់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន១សែនដូសមកដល់កម្ពុជា សម្រាប់ប្រើប្រាស់ក្នុងករណីចាំបាច់។ នេះបើតាមខ្លឹមសារនៃសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

សេចក្ដីជូនដំណឹងចេញផ្សាយនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតឥណ្ឌា ថ្ងៃទី៦ ខែកុម្ភៈ បានរៀបរាប់ឱ្យដឹងថា៖ «វ៉ាក់សាំងចំនួន១សែនដូសដែលផលិតដោយវិទ្យាស្ថានឱសថសាស្ត្រឥណ្ឌា នឹងត្រូវដឹកមកកម្ពុជាក្នុងលក្ខខណ្ឌប្រើប្រាស់ចាំបាច់។ ការផ្ដល់វ៉ាក់សាំងនេះ ជាផ្នែកមួយនៃការពង្រឹងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងឥណ្ឌា ដើម្បីក្លាយជាដៃគូរយុទ្ធសាស្ត្រស៊ីជម្រៅ ជាពិសេសនៅក្នុងបរិបទកូវីដ-១៩នេះតែម្ដង។»

គួរបញ្ជាក់ថា ក្រៅពីជំនួយវ៉ាក់សាំងរបស់ឥណ្ឌា រដ្ឋាភិបាលកម្ពុជា ក៏បានស្នើសុំវ៉ាក់សាំងពីប្រទេសមួយចំនួនទៀតដូចជា ចិន រុស្ស៊ី ជាដើម។ ក្នុងនោះវ៉ាក់សាំង៦០មុឺនក្នុងចំណោម១លានដូសដែលជាជំនួយរបស់ប្រទេសចិន នឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ៕

ដោយ៖ ង៉ាយ ណៃ