តើលោក Biden បាននិយាយអ្វីខ្លះ ក្នុងដំណើរទស្សនកិច្ចដ៏រសើបទៅកាន់ប្រទេសវៀតណាម ដែលជាអតីតគូសត្រូវ?


តាមទស្សនៈពាណិជ្ជកម្ម និងយុទ្ធសាស្ត្រ ដំណើរទស្សនកិច្ចរបស់លោក Biden ទៅកាន់ប្រទេសវៀតណាមនៅថ្ងៃអាទិត្យ និងថ្ងៃចន្ទ និងទៅកាន់ប្រទេសឥណ្ឌាកាលពីចុងសប្តាហ៍មុន ត្រូវបានគេមើលឃើញថាជាការពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសដែលអាចជួយទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងការកើនឡើងរបស់ប្រទេសចិន។

ក្នុងជំនួបនាឱកាសនេះ តែក្រៅពីពង្រឹងទំនាក់ទំនងទ្វេភាគី សហរដ្ឋអាមេរិក និងវៀតណាមក៏បានរួមដៃគ្នា ប្រឆាំង នឹងមហិច្ឆតារបស់ចិននៅក្នុងសមុទ្រចិន ខាងត្បូងដែរ។ ជាមួយគ្នានេះ វៀតណាមបានឲ្យតម្លៃ និងមានបំណងចង់ជំរុញទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកឱ្យកាន់តែស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព ស្ថិរភាព ដោយឈរលើមូលដ្ឋាននៃគោលការណ៍ដែលភាគីទាំងពីរបានព្រមព្រៀងគ្នា រួមទាំងការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ការគោរពនូវឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី និងរបបនយោបាយរបស់គ្នាទៅវិញទៅមក។

យ៉ាងណាមិញ អ្នកតស៊ូមតិសិទ្ធិយល់ថា ការធ្វើដំណើររបស់លោក Biden ទៅវៀតណាម គឺជាការខកចិត្តមួយ ដែលលោកមិនបានបំពេញតាមការប្តេជ្ញារបស់លោក ជុំវិញផ្តល់អាទិភាពដល់សិទ្ធិមនុស្ស នៅពេលចូលកាន់តំណែងនៅឆ្នាំ ២០២១។ នៅទីក្រុងហាណូយ លោក Biden បាននិយាយថា សហរដ្ឋអាមេរិកកំពុងលើកកម្ពស់ទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” និងធ្វើឱ្យកិច្ចសហប្រតិបត្តិការស៊ីជម្រៅក្នុងវិស័យកុំព្យូទ័រ cloud, semiconductors និងសិប្បនិម្មិត។ អាមេរិក ក៏បានបង្ហាញផងដែរនូវការទិញយន្តហោះ Boeing ៧៣៧ Max ចំនួន ៥០ គ្រឿងដែលមានតម្លៃ ៧.៨ ពាន់លានដុល្លារ របស់ក្រុមហ៊ុនអាកាសចរវៀតណាម ប៉ុន្តែមិនបានលើកឡើងអំពីបញ្ហាសិទ្ធិមនុស្សឱ្យស៊ីជម្រៅនោះទេ។

យ៉ាងណាមិញ អ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភថា ទំនួបរវាងអតីតគូសត្រូវទាំងពីរគឺជាការខ្វះការយកចិត្តទុកដាក់លើបញ្ហាសិទ្ធិមនុស្ស ខណៈពេលដែលវានឹងមិនគ្រាន់តែបរាជ័យក្នុងការកែលម្អលក្ខខណ្ឌនៅក្នុងប្រទេសវៀតណាម និងឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែជាហានិភ័យដែលនឹងធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ទៅ។ លោកស្រី Carolyn Nash ដែលជាអ្នកតស៊ូមតិនៅអាស៊ីបាននិយាយថា “រដ្ឋបាល Biden កំពុងតែបិទសិទ្ធិមនុស្សយ៉ាងច្បាស់ ដើម្បីផលប្រយោជន៍នៃការជំរុញភាពជាដៃគូជាមួយរដ្ឋាភិបាលវៀតណាម ដែលជាយុទ្ធសាស្ត្រសំខាន់។

គួរកត់សម្គាល់ថា ក្រុមសិទ្ធិមនុស្សបានចោទប្រកាន់គណបក្ស Bharatiya Janata ដែលជាបក្សកាន់អំណាចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ពីការរើសអើងជាប្រព័ន្ធប្រឆាំងនឹងជនជាតិភាគតិច ជាពិសេសជនមូស្លីម និងអ្នកគាំទ្ររបស់ខ្លួនចំពោះការវាយប្រហារដោយហិង្សាលើក្រុមគោលដៅ។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) និយាយថា មនោគមវិជ្ជាហិណ្ឌូភាគច្រើនរបស់រដ្ឋាភិបាលត្រូវបានឆ្លុះបញ្ចាំងពីភាពលំអៀងនៅក្នុងប្រព័ន្ធយុត្តិធម៌ ហើយអាជ្ញាធរបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបំបិទមាត់សកម្មជន និងអ្នកសារព័ត៌មានតាមរយៈការចោទប្រកាន់ដោយហេតុផលនយោបាយ។

ជាមួយគ្នានេះ HRW បាននិយាយថា ប្រទេសវៀតណាមកំពុងឃុំឃាំងអ្នកទោសនយោបាយយ៉ាងហោចណាស់ ១៥៩ នាក់ ដែលអ្នកទាំងនោះជាសកម្មជនដែលអនុវត្តសិទ្ធិស៊ីវិល និងនយោបាយជាមូលដ្ឋានដោយសន្តិវិធី ហើយយ៉ាងហោចណាស់ ២២ នាក់ផ្សេងទៀតកំពុងស្ថិតក្នុងការឃុំខ្លួនរង់ចាំការកាត់ក្តីជាចុងក្រោយនៅចំពោះមុខតុលាការដែលគ្រប់គ្រងដោយបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាច។ HRW បាននិយាយថា ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ២០២៣ តុលាការបានកាត់ទោសមនុស្សយ៉ាងហោចណាស់ ១៥ នាក់ឱ្យជាប់ពន្ធនាគាររយៈពេលវែងពីបទរំលោភសិទ្ធិរបស់ពួកគេក្នុងការកាត់ក្តីដោយយុត្តិធម៌។

ប្រភព៖ Reuters