តើសម្តេចតេជោនាយករដ្ឋមន្ត្រី ថ្លែងខ្លឹមសារសំខាន់ៗអ្វីខ្លះក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមនព្រឹកនេះ?
នាព្រឹកថ្ងៃចន្ទ ០៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន ដែលប្រព្រឹត្តទៅនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ខាងក្រោមនេះជាខ្លឹមសារសង្ខេបសំខាន់ៗរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីថ្លែងក្នុងឱកាសអញ្ជើញសម្ពោធបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន៖
១. សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រកាសគាំទ្រពាក្យស្លោក “ទឹកស្អាត សម្រាប់ទាំងអស់គ្នា”។
២. សម្តេចតេជោនាយករដ្ឋមន្ត្រី រំលឹកពីអតីតកាលអំឡុងឆ្នាំ ១៩៨៧-៨៨ ដែលកាលនោះកម្ពុជាត្រូវផ្តោតលើអាទិភាពទាំង៤រួមមាន៖ ទឹក ផ្លូវ ភ្លើង មនុស្ស។ ចំណែកឯបច្ចុប្បន្ននេះទៀតសោត ឬ៥០ឆ្នាំទៅមុខទៀត មនុស្ស ទឹក ផ្លូវ ភ្លើង នៅតែជាអាទិភាពចម្បង។
៣. គិតចាប់ពីថ្ងៃទី២២ ខែមករាកន្លងទៅថ្មីៗ ដែលកាលនោះសម្តេចនាយករដ្ឋមន្ត្រីបានចាត់ទុកការរៀបចំពិធីសម្ពោធអគារទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូនជាសមយុទ្ធ និងបទពិសោធន៍ លើកទី១ ចំណែកឯការសម្ពោធព្រឹកនេះចាត់ទុកជាសមយុទ្ធទី២ និងបទពិសោធន៍ លើកទី២ សម្រាប់ដំណើរការរៀបចំកម្មវិធីតាមបែបគន្លងថ្មី ឬក្នុងបរិបទកូវីដ១៩។
៤. សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ តែងតែអមដំណើរ និងជាប់ជាមួយសម្តេចអស់រយៈពេលជាង៤២ឆ្នាំមកហើយ។ សម្តេចតេជោ ហ៊ុន សែនបន្ថែមថា៖ ឯកឧត្តម ចម ប្រសិទ្ធ នេះហើយជាអ្នកចរចាឱ្យកម្ពុជាក្លាយជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក។
៥. សម្តេចតេជោនាយករដ្ឋមន្ត្រី រំលឹកពីតំបន់មួយចំនួនដូចជា តំបន់វិមានឈ្នះៗ ពហុកីឡដ្ឋានមរតកតេជោជាដើម សុទ្ធសឹងជាតំបន់ដែលខ្មែរក្រហមឈ្លានពានពីអតីតកាល។
៦. សម្តេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់យ៉ាងដូច្នេះថា៖ ធនាគារអភិវឌ្ឍន៍អាស៊ី អង្គការធនាគារពិភពលោកជាដើម សុទ្ធតែវាយតម្លៃខុសពីទិន្នន័យអគ្គិសនីកម្ពុជា ដោយពួកគេបានបង្ហាញថាអគ្គិសនីកម្ពុជាមានត្រឹមតែ១២%ក្នុង១ឆ្នាំ តែជាក់ស្តែងកម្ពុជាមានរហូតទៅដល់ជាង៤០%ក្នុងមួយឆ្នាំ។
៧. សម្តេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថា៖ កម្ពុជាជាជនរងគ្រោះ តែបែរជាប្រទេសដែលតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យទៅគាំទ្ររបបលន់ នល់ក្នុងការធ្វើរដ្ឋប្រហារទម្លាក់សម្តេចតា និងបានគាំទ្ររបបខ្មែរក្រហមនៅអង្គការសហប្រជាជាតិថែមទៀត។
៨. ជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថែ្លងអំណរគុណដល់សហភាពអ៊ឺរ៉ុប និងប្រទេសបារាំងដែលបានផ្តល់កម្ចីដល់កម្ពុជាក្នុងការអភិវឌ្ឍទឹកស្អាតដើម្បីឆ្លើយតបទៅនឹងតម្រូវការ។
៩. សម្តេចតេជោនាយករដ្ឋមន្ត្រី សំណូមពរឱ្យក្រុមហ៊ុនពាក់ព័ន្ធពន្លឿនដំណើរការអភិវឌ្ឍទឹកស្អាត ដើម្បីកាត់បន្ថយអតុល្យភាពរវាងតម្រូវការអ្នកប្រើប្រាស់ និងការផ្គត់ផ្គង់។
១០. សម្តេចតេជោនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ឱ្យបងប្អូនប្រជាពលរដ្ឋទូទៅផ្តោតលើការរៀនសន្សំសំចៃ ពិសេសលើការប្រើប្រាស់ទឹក។ បើការប្រើប្រាស់ទឹក ប្រកបដោយការសន្សំសំចៃហើយ នោះភ្លើងក៏នឹងត្រូវសន្សំតាមនោះដែរ។ ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុនសែនក៏បានលើកសរសើរពីមិត្តជប៉ុនផងដែរអំពីរបៀបរស់នៅប្រកបដោយការសន្សំសំចៃ។
១១. សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា៖ កម្ពុជាជាអតីតប្រទេសដែលមានរបួសដោយសារសង្គ្រាម កម្ពុជាត្រូវតែចំណាយថវិកាដោយមិនរុញរាក្នុងការដោះ និងកម្ចាត់មីនជាបន្តបន្ទាប់ដើម្បីសុខសុវត្ថិភាពរបស់ប្រជាជន និងប្រែក្លាយទៅជាតំបន់អភិវឌ្ឍ។
ងាកមកក្នុងបរិបទកូវីដ១៩វិញ សម្តេចតេជោបានបញ្ជាក់នូវខ្លឹមសារសំខាន់ៗមួយចំនួននៃគោលនយោបាយវ៉ាក់សាំងកម្ពុជា៖
១២. សម្តេចតេជោនាយករដ្ឋមន្ត្រី បង្ហាញអំពីបច្ចុប្បន្នភាពជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជា៖ បងប្អូនខ្មែរជាង៧០០០នាក់ក្នុងបណ្តាខេត្តទាំង៧ ក្នុងនោះបន្ទាយមានជ័យមានចំនួនអ្នកវិជ្ជមានច្រើនជាងគេ ប្រមាណជាង៣៦០០នាក់។ សម្តេចតេជោ ហ៊ុន សែន អង្វរកដល់បងប្អូនប្រជាជនខ្មែររួមទាំងបងប្អូនពលករថៃ បងប្អូនមកពីក្រៅពីប្រទេសជាដើមដែលបានធ្វើចត្តាឡីស័កឱ្យមានការយោគយល់ និងអត់ធ្មត់រហូតគ្រប់១៤ថ្ងៃពេញ ដោយពុំមានការបន្ថយឡើយ។
១៣. សម្តេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថា៖ ពេលវេលានេះ មិនមែនជាពេលវេលាដែលត្រូវស្តីបន្ទោសគ្នានោះទេ ផ្ទុយទៅវិញវាជាពេលវេលាដែលត្រូវរួមគ្នានៃបណ្តាប្រទេសលើពិភពលោក ដើម្បីចូលរួមដោះស្រាយ និងកម្ចាត់មេរោគដ៏កាចសាហាវកូវីដ១៩។
១៤. សម្តេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា៖ សម្តេចពុំដែលខ្លាចរអានឹងសង្គ្រាម ឬការចរចាណាមួយសោះឡើយ តែធ្វើជាមេបញ្ជាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ គឺជារឿងលំបាកបំផុតរបស់សម្តេច។ ដូច្នេះសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ចូលរួមទប់ស្កាត់ កុំឱ្យកម្ពុជាមានព្រឹត្តិការណ៍សហគមន៍សារជាថ្មី។
១៥. សម្តេចតេជោនាយករដ្ឋមន្ត្រី គូសបញ្ជាក់យ៉ាងដូច្នេះថា៖ បើគ្មានការចូលរួមពីបងប្អូនប្រជាជន ក៏ការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩គ្មានដែរ។ ទោះបីជាប្រទេសអភិវឌ្ឍដែលមានបច្ចេកវិទ្យាជឿនលឿន ក៏មិនប្រកដថាអាចគ្រប់គ្រងជំងឺកូវីដ១៩បានល្អ ជាងប្រទេសដែលក្រតែមានអភិបាលកិច្ចល្អ។
១៦. សម្តេចតេជោនាយករដ្ឋមន្ត្រី សម្តែងនូវការដឹងគុណ និងអរព្រះគុណព្រះមហាក្សត្រ និងហ្លួងម៉ែ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ បងប្អូនប្រជាជនខ្មែរទាំងអស់ដែលបានចូលរួមវិភាគទាន ដែលនេះបង្ហាញឱ្យឃើញពីសាមគ្គីភាពក្នុងការចូលរួមដោះស្រាយជំងឺកូវីដ១៩។
១៧. សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបញ្ជាក់នូវគោលនយោបាយការបរទេសថា កម្ពុជានឹងមើលជុំវិញខ្លួន មើលជុំវិញទិស ពុំសំដៅតែមួយច្រក ឬមួយទិសដូចប្រទេសដទៃទេ។
ចំពោះបញ្ហាប្រេង ដែលកម្ពុជាទើបតែទទួលបានដំណក់ដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់យ៉ាងដូច្នេះថា៖ វាជាការចាប់ផ្តើមមួយដ៏ល្អរបស់កម្ពុជានៃឧស្សាហកម្មថាមពលប្រេង និងឧស្ម័ន។ សម្តេចតេជោនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា៖ អណ្តូងទី១របស់កម្ពុជា បានដំណើរការ៣៣ថ្ងៃហើយ ស្របពេលដែលអណ្តូងទី២កំពុងតែដំណើរ នឹងឈានទៅដំណើរការអណ្តូងទី៣ ទី៤ជាបន្តបន្ទាប់។
ស្របគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ កម្ពុជានឹងទទួលបាន ៧០០០ ទៅ ៧៥០០ barrel ក្នុងមួយថ្ងៃ ដែលមានចំណូលប្រមាណ៣០លានដុល្លារតែប៉ុណ្ណោះ។
១៨. សម្តេចតេជោនាយករដ្ឋមន្ត្រី ធានាថា៖ កម្ពុជានឹងមិនដាក់កម្ពុជាទាំងមូល ឬផ្នែកណាមួយក្នុងភាពអាសន្ននោះទេ ទោះបីមានច្បាប់ក្នុងដៃក៏ដោយ ព្រោះវានឹងនាំឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចកម្ពុជា។ ការចូលរួមពីប្រជាពលរដ្ឋនៅតែសំខាន់មិនអាចខ្វះបាន វាក៏ជាចំណែកនៃអភិបាលកិច្ចល្អ។
អត្ថបទទាំងស្រុង៖ BRANDMEDIA
រូបភាព៖ ក្រសួងព័ត៌មាន