ទំនោរលក់នំខ្មែរនៅតាមសាលារៀន កំពុងកើនឡើងគួរឱ្យសរសើរ!


ដើម្បីជាការគិតគូដល់សុខភាពរបស់ក្មេងៗ សិស្សានុសិស្ស ក៏ដូចជាការអនុវត្តស្របទៅនឹងការណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា គណៈគ្រប់គ្រងសាលាចំនួននៅកម្ពុជា បានចាប់ផ្ដើមផ្ដល់ការណែនាំ និងបង្កើតកិច្ចសន្យាឱ្យអ្នកលក់ក្នុងសាលាទាំងអស់លក់នំកញ្ចប់ ឬភេសជ្ជៈណាមួយដែលប៉ះពាល់សុខភាពដល់កុមារ។

កន្លងមក មានសាលារៀនមតេ្តយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សារបស់រដ្ឋ ក៏ដូចជាឯកជននៅតាមបណ្ដារាជធានី-ខេត្តមួយចំនួន បានប្រកាសពីបម្រាមហាមលក់នំចំណីកញ្ចប់ ឬភាសជ្ជៈកំប៉ុង ដែលផ្ដល់ផលប៉ះពាល់ដល់សុខភាពកុមារ ជំនួសមកវិញដោយការលក់នំខ្មែរជាច្រើនមុខដូចជា នំអន្សមចេក អន្សមជ្រូក នំគម នំត្នោត នំកង នំអាកោ នំពុម្ព នំល្ពៅ នំត្រឡាច ពោតស្ងោរ ដំឡូងឆឹង ដំឡូងស្ងោរជាដើម។

ជាក់ស្ដែងថ្មីៗនេះ គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន នៅកោះកុង ចំនួន ១៦៧ កន្លែង សន្យាប្តូរមកលក់នំ ចំណីអាហារណាដែលមានសុវត្ថិភាពដល់សិស្សានុសិស្ស។ ជាមួយគ្នានេះ នៅតាមសាលារៀនមួយចំនួន ការជំរុញឱ្យលក់នំចំណីធម្មជាតិនេះគឺសាលាមិនអនុញ្ញាតឱ្យមានការវេចខ្ចប់ដោយថង់បា្លស្ទិកនោះទេ ពោលគឺច្រកដោយស្លឹកចេក ឬស្លឹកឈូក។

នេះជាការរួមចំណែកដ៏សំខាន់ ក្នុងការយកចិត្តទុកដាក់លើសុខភាពសិស្សានុសិស្សជាចម្បង ដែលជាកត្តាសំខាន់អាចជះឥទ្ធិពលដល់ការសិក្សារបស់ពួកគេ។ ទន្ទឹមនឹងនេះ ការលក់នំខ្មែរក្នុងសាលារៀន ក៏ជាផ្នែកមួយជួយរក្សាអត្តសញ្ញាណរបស់ជាតិផងដែរ។

គួរបញ្ជាក់ថា កន្លងមកក្រសួងអប់រំយុវជន និងកីឡា បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ ស្តីពីការពង្រឹងវិធានការ អនុវត្តការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាព ចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជនក្នុងទិសដៅលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពរបស់អ្នកសិក្សា និងបុគ្គលិកអប់រំផងដែរ៕